ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករប្រមូលសំរាម។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាត ឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ»។
ជាងនេះទៅទៀត ក្រសួងសុខាភិបាល ក៏បានអញ្ជេីញកម្មករប្រមូលនៅរាជធានីភ្នំពេញដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងដូចខាងក្រោមនេះ៖
១-មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
២-មន្ទីរពេទ្យបង្អែកព្រែកព្នៅ
៣-មន្ទីរពេទ្យបង្អែកច្បារអំពៅ
៤-មន្ទីរពេទ្យបង្អែកដង្កោ
៥-មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
៦-មន្ទីរពេទ្យបង្អែកចតុមុខ
៧-មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ
៨-មន្ទីរពេទ្យបង្អែកពោធិចិនតុង៕