Covid-19

ក្រសួងសុខាភិបាល​ ៖​ ការចាក់វ៉ាក់សាំង តែមួយមុខ​ មិនមែនជាដំណោះ ស្រាយមាស​ សម្រាប់ទប់ទល់ កូវីដ-១៩​ឡេីយ

ភ្នំពេញ​ ៖​ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា​ បច្ចុប្បន្ន​កម្ពុជា​ ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនីមួយៗ​ ហេីយ​ការចាក់វ៉ាក់សាំងកូវីដ-១៩​ តែមួយមុខ​ មិនមែនជាដំណោះស្រាយមាស​ សម្រាប់​ទប់ទល់ជំងឺកូវីដ-១៩​ឡេីយ​ ពោលគឺអនុវត្តន៍វិធានការការពារខ្លួន ៣ការពារ និង៣កុំជាប់​ ជាប្រចាំ។

លោកស្រី​ ឱ វណ្ណឌីន លេីកឡេីងបែបនេះ​ ក្រោយពីលោក​ ឆេង​ គឹមឡុង​ អនុប្រធានទីពីរ​ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ស្តីពីជំរុញរាជរដ្ឋាភិបាល​ ពន្លឿនការចាក់វ៉ាក់សាំង​ នៅចំពោះមុខការរាតត្បាតជំងឺកូវីដ-១៩​។  

ជាការឆ្លេីយតប​ លោកស្រី​ ឱ វណ្ណឌីន បានសរសេរសារ​ក្នុងគ្រុបតេឡេក្រាម​ នាថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២១ថា​ «សូមកុំភ្លេចថា​ បច្ចុប្បន្ននេះ​កម្ពុជា​ ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនីមួយៗ​ ហេីយ​ វ៉ាក់សាំងកូវីដ-១៩​ តែមួយមុខ​ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩​ នោះឡេីយ»។ 

លោកស្រីបន្ដថា​ ការវ៉ៃឈ្នះកូវីដ-១៩​ នៅពេលនេះ​ មិនមែនរំពឹងលេីតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ​ ត្រូវមានវិធានការរួមគ្នា​ មាន​ដូចជា​ ៣ការពារ​ ៣កុំ​ និងចាក់វ៉ាក់សាំង​កូវីដ-១៩​ ទេីបបង្កេីតបាននូវកងការពារដ៏រឹងមាំសម្រាប់បុគ្គល​ ក្នុងការការពារពីភាពធ្ងន់ធ្ងរសុខភាពដែលអាចកេីតមានឡេីងពីការវ៉ៃលុករបស់វីរុសកូវីដ-១៩​ និងកាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យផង​ និងកាត់បន្ថយបានជាអតិប្បរិមានូវការកេីតជំងឺនេះក្នុងសហគមន៍ផង។  

លោកស្រីបន្ថែមថា​ ការចាក់វ៉ាក់សាំង​ ក៏កំពុងតែធ្វេី​ជាបន្តបន្ទាប់​ អាស្រ័យលេីចំនួនវ៉ាក់សាំងដែលមានបច្ចុប្បន្ន គួបគ្នាជាមួយនិងការអនុវត្តវិធានការ​ ៣ការពារ​ និង​ ៣កុំ​ ដេីម្បីឆ្លេីយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នេះ។  

ជាងនេះទៅទៀ​ត​ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានលេីកឡេីងថា​ «សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការខាងលេី​ ទោះជាមិនទាន់ដល់វេនចាក់វ៉ាក់សាំងក៏ដោយ​ សូមអធ្យាស្រ័យដោយវ៉ាក់សាំងទទួលបានមានកម្រិតចំនួន ក៏មិនត្រូវរងចាំតែវ៉ាក់សាំង​ ហេីយភ្លេចខ្លួន​ ឫមិនបានអនុវត្តន៍វិធានការការពារខ្លួន​ ៣ការពារ​ និង​ ៣កុំ​ នោះឡេីយ»។ 

អ្នកនាំពាក្យ​ ក៏បានផ្ដាំផ្ញេីថា​ មានតែ​ ៣ការពារ​ និង​ ៣កុំ​ ដែលជួយលោកអ្នកបានរួចផុតពីការចម្លងវីរុសកូវីដ-១៩​ ហេីយដល់វេនចាក់វ៉ាក់សាំង​ សូមស្ម័គ្រចិត្តដេីម្បីសុខភាពផ្ទាល់ខ្លួន​ សុខភាពក្រុមគ្រួសារ​ខ្លួន​ និងសុខភាពសហគមន៍របស់ខ្លួនផងដែរ៕

To Top