ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាលកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) នឹងមកដល់កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី។
ក្នុងកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាល សម្រេចប្រគល់ភារកិច្ចជូនក្រសួងសុខាភិបាលរៀបចំកម្មវិធី ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កម្មករប្រមូលសំរាម អ្នករត់តាក់ស៊ី អ្នកបើកម៉ូតូកង់បី អ្នករត់ម៉ូតូឌុប នៅពេលខាងមុខនេះ។
សម្ដេចតេជោ មានប្រសាសន៍ថា «រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រ សួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាអំណោយ របស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេល ឆាប់ៗខាងមុខនេះ»៕