Covid-19

មិត្តដែកថែបចិន នឹងផ្តល់វ៉ាក់សាំងកូវីដ១៩ជាលើកទី២ ចំនួន៤០ម៉ឺនដូសទៀតមកកម្ពុជា

ភ្នំពេញ ៖ ក្រោយពីផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាមចំនួន៦០ម៉ឺនដូស ដែលជំហានទី១នោះ មិត្តចិននឹងផ្តល់មកជាលើកទី២ម្តងទៀត នូវចំនួន៤០ម៉ឺនដូស នាពេលឆាប់ៗខាងមុខនេះ ខណៈកាលពីថ្ងៃ២៨ កុម្ភៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា ភាគីឥណ្ឌានឹងផ្តល់វ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ។

តាមផេកហ្វេសប៊ុក របស់ទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃ១ មីនា នេះបានឲ្យដឹងថា “ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាបងប្អូនរបស់ចិន ក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេច ផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា” ។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃ៧ កុម្ភៈ វ៉ាក់សាំងឈ្មោះស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន បានដឹកមកដល់កម្ពុជាចំនួន ៦០ម៉ឺនដូស ដោយក្នុងឱកាសនោះសម្តេចតេជោ បានអញ្ជើញទៅទទួលដោយផ្ទាល់ នៅព្រលានយន្តហោះភ្នំពេញ ។ វ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ផ្តល់ពីរដ្ឋាភិបាលចិននេះ គឺចាក់បានតែអាយុពី ១៨ទៅ៥៩ឆ្នាំ ខណៈសម្តេចមិនអាចចាក់បានទេ ដោយសារអាយុលើសការកំណត់ ។

នារសៀលថ្ងៃ២៨ កុម្ភៈ ក្រសួងសុខាភិបាល បានប្រកាសជូនដំណឹងថា កម្ពុជានឹងទទួលបានវ៉ាក់ សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋម ផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។

ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រសិនបើពុំមានការប្រែប្រួលទេ សម្ដេចនឹងទទួលចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទ សារព័ត៌មានផងដែរ៕

To Top