ភ្នំពេញ ៖ សុនខ ឈ្មោះគន្ធា ដែលបានកើតនៅកម្ពុជា និងហ្វឹកហ្វឺន ដោយអ្នកបច្ចេកទេសស៊ីម៉ាក់នោះ ត្រូវបានអង្គការ APOPO បញ្ជាទិញ និងយកទៅបំពេញភារកិច្ចដោះមីន នៅប្រទេសស៊ូដង់ខាងត្បូង។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សុនខ ឈ្មោះគន្ធា បានឡើងយន្តហោះពីកម្ពុជា ទៅប្រទេស ស៊ូដង់ខាងត្បូងហើយ កាលពីថ្ងៃទី២៨ កុម្ភ:។
លោកបញ្ជាក់យ៉ាងដូច្នេះថា «សុនខគន្ធា ដែលបានកើតនៅកម្ពុជា និងហ្វឹកហ្វឺន ដោយអ្នកបច្ចេកទេសស៊ីម៉ាក់នោះ ត្រូវបានអង្គការ APOPO បញ្ជាទិញ និងយកទៅបំពេញភារកិច្ចដោះមីន នៅប្រទេសស៊ូដង់ខាងត្បូង។ APOPO បានទិញសុនខហិតមីនចំនួន៦ យកទៅបំពេញការងារ ដោះមីនមនុស្សធម៌នៅបរទេស ដូចនៅតំបន់ ព្រំដែនប្រទេសតួរគី និងអ៊ីរ៉ាក់ ព្រមទាំងកំពុងពិភាក្សាទិញបន្ថែមទៀត»។
លោកបន្ដថា អ្វីដែលលោកលើកនេះ គ្រាន់តែចង់បង្ហាញថា «ខែ្មរអាចធ្វើបាន» ពីមុននេះអង្គភាពស៊ីម៉ាក់ ចំពោះកំលាំងជំនាញសុនខនេះ អ្វីៗពឹងផ្អែកបរទេសទាំងស្រុង ទាំងការហ្វឹកហ្វឺនបច្ចេកទេស ការទិញសុនខពីបរទេស ដូចជា មកពីប្រទេសអាឡឺម៉ង់ ស៊ុយអែត ប៊ែលហ្សិក ប៊ូសសៀរ ជាដើម។លោករំលឹកថា ដំបូងឡើយនៅឆ្នាំ១៩៩៧ជំនាញសុនខនេះ ទទួលបានជំនួយពីកងទ័ព នៃប្រទេសស៊ុយអែត បន្តមកពីរដ្ឋាភិបាលន័រវេស្ស និងអង្គការNPA។
លោកបន្ថែមថា «ការងារបច្ចេកទេសសុនខនេះ មើលទៅដូចជាតូចតាចទេ តែវាស្មុគស្មាញណាស់ដែរ នៅពេលដែលយើង ត្រូវរស់ដោយឯករាជ្យម្ចាស់ការ មានភាពជាម្ចាស់នោះ»។
ជាងនេះទៅទៀត អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា បច្ចុប្បន្នអង្គភាពស៊ីម៉ាក់ មានសមត្ថភាពពេញលេញ១០០% លើការងារបច្ចេកទេសគ្រប់ប្រភេទជំនាញ រួមមាន សុនខហិតមីន សុនខប្រឆាំងភេវរកម្ម សុនខសន្តិសុខ សុនខការពារសត្វព្រៃ សុនខល្បាត ជាដើម៕