ភ្នំពេញ ៖ ក្រោយពីអ្នកចិញ្ចឹមត្រីបានត្អូញត្អែរ ពីការលក់ត្រីមិនចេញ ដោយសារក្រសួងអនុញ្ញាត ឲ្យនាំចូលត្រីពីវៀតណាមវិញ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបវិញថា ក្រសួងបានដឹងពីសុខទុក្ខ ចំពោះអ្នកចិញ្ចឹមត្រីទាំងអស់ ហើយក៏កំពុងរកវិធីសាស្ដ្រ ដោះស្រាយឲ្យពួកគេផងដែរ។
លោក វេង សាខុន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ថា «យើងកំពុងធ្វើការដោះស្រាយ ។ ទន្ទឹមនឹងអ្វីដែលយើងពិនិត្យឃើញ បញ្ហាប្រឈមកន្លងទៅនេះ ក៏យើងត្រូវពិនិត្យមើល បទដ្ឋានកិត្តិយុត្តអ្វីខ្លះ ? ដែលយើងត្រូវបំពេញបន្ថែម អ្វីដែលជាការឈឺចាប់ គឺក្រសួងបានដឹង ហើយវារីវប្បករទាំងអស់ (អ្នកចិញ្ចឹមត្រី) ។ មិនមែនថា ក្រសួងមិនអើពើទេ ក្រសួងអើពើហើយ ដឹងសុខទុក្ខចំពោះវារីវប្បករទាំងអស់»។
ក្រុមអ្នកអ្នកចិញ្ចឹមត្រី នៅតាមបណ្ដារាជធានី-ខេត្ត មួយចំនួន បានត្អូញត្អែរយ៉ាងខ្លាំងចំពោះត្រី ដែលខ្លួនចិញ្ចឹមបានហើយ គ្មានទីផ្សារ និងលក់មិនចេញដោយសារតម្លៃថោក ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ បានអនុញ្ញាត ឲ្យនាំចូលត្រីពីវៀតណាមឡើងវិញ។ពួកគេអះអាងថា ដោយសារកត្តាទាំងនេះហើយ ទើបធ្វើឲ្យត្រីនៅកម្ពុជាលក់មិនដាច់ ពោលគឺគ្មានទីផ្សារ ។
កាលពីថ្ងៃ៨ កុម្ភៈ ក្រសួងកសិកម្ម បានចេញសេចក្តីប្រកាស បន្តការអនុញ្ញាតឲ្យនាំចូល ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីវៀតណាមឡើងវិញ ដើម្បីឆ្លើយតបតាមតម្រូវការ ជាក់ស្តែងក្នុងស្រុក ៕