ភ្នំពេញ ៖ បញ្ជាការដ្ឋានអង្គរក្ស បដិសេធ ចំពោះបុគ្គលឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ជាជនល្មើសម្នាក់ក្នុងចំណោម៤នាក់ ដែលបានរៀបចំផែនការទុក ជាមុនក្នុងករណីប្លន់ចាប់ជម្រិត នៅបុរីអង្គរភ្នំពេញនោះគឺ មិនមានឈ្មោះ និងក្របខណ្ឌនៅ ក្នុងបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទទេ។
ចំពោះប័ណ្ណសម្គាល់បញ្ជាការដ្ឋានអង្គរក្ស ជនល្មើសប្រើប្រាស់ គឺជាប័ណ្ណក្លែងក្លាយមិនមែនជាប័ណ្ណសម្គាល់ដែលចេញដោយបញ្ជាការដ្ឋាន អង្គរក្សទេ ។
សូមបញ្ជាក់ថា កាលពីម៉ោងប្រមាណ១១ព្រឹកថ្ងៃ១ មីនា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជនក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជម្រិតដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញដើម្បីយកប្រាក់១លានដុល្លារ។ ប៉ុន្តែផែនការនេះបានបង្ក្រាបទាន់ពេលវេលា ដោយសារជនល្មើសបានក្បត់ហើយលបលួចមកប្រាប់ម្ចាស់ផ្ទះទាន់ ទើបម្ចាស់ផ្ទះបានប្តឹងទៅសមត្ថកិច្ច ហើយដល់ថ្ងៃកំណត់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏បានដឹកនាំបង្ក្រាបផ្ទាល់បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង៤នាក់ ស្លាប់នៅនឹងកន្លែង។
អ្នកផ្តើមគំនិតឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃ២៥ កុម្ភៈ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃ ២៦ កុម្ភៈ តែដោយនៅថ្ងៃ២៦កុម្ភៈនេះជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃ២៧ កុម្ភៈវិញ តែដោយថ្ងៃ២៧នេះជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវាលើកមកថ្ងៃ១ មីនា នេះតែម្តង។ គម្រោងរបស់មេក្លោង ក្រោយពេលប្លន់បានសម្រេច នឹងទិញឡាន Luxis Kuro 570 មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ៕