ព័ត៌មានជាតិ

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងដាក់ឲ្យប្រើប្រាស់ មុនបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គ្រោងនឹងដាក់ឲ្យប្រើប្រាស់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ខណៈបច្ចុប្បន្នសាងសង់ បាន៩៦%ហើយ ។

តាមរយៈបណ្ដាញទំនាក់ទំទង សង្គមហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជានៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្នុងពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាគម្រោងជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ជូនចំពោះភាគីកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សម្រេចបាន៩៦ % ហើយគ្រោងនេះ នឹងដាក់ឲ្យប្រើប្រាស់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ»

ស្ថានទូតចិន ក៏បានបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានទី៨ ដែលជាគម្រោងជំនួយ របស់ភាគីចិនជូនភាគីកម្ពុជា។

សូមរំលឹកថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារមានប្រវែង សរុប១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោងចំណាយថវិកាចំនួន៥៦,៩៩៨ លានដុល្លារ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ។

ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនង ការដឹកជញ្ជូន និងការធ្វើដំណើ របស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គ ឲ្យបានងាយស្រួល និងឆាប់រហ័ស ៕

To Top