ព័ត៌មានជាតិ

WHO ៖ វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏ថ្មីសម្រាប់ប្រយុទ្ធប្រឆាំងការរាលត្បាត ជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោកស្រី លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាព ពិភពលោកប្រចាំកម្ពុជា (WHO) បានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏ថ្មីមួយ និងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ប្រយុទ្ធប្រឆាំងការរាលត្បាតជំងឺកូវីដ-១៩ ប្រសិនបើប្រើប្រាស់ត្រឹមត្រូវនោះ នឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត។

ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ នាយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅអាកា សយានដ្ឋានអន្តរជាតិភ្នំពេញ លោកស្រី លី អាយលែន បានលើកឡើងថា «វ៉ាក់សាំងកូវីដ-១៩នេះ គឺជាឧបករណ៍ដ៏ថ្មី មួយដែលមានសារសំខាន់ និងដើរតួនាទីសំខាន់ណាស់ សម្រាប់ប្រយុទ្ធប្រឆាំងផ្ទុះរាលត្បាតនៃជំងឺកូវីដ-១៩ ហើយប្រ សិនបើយើងប្រើប្រាស់បានត្រឹមត្រូវ គឺវាអាចជួយកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត ដែលឈឺធ្ងន់ធ្ងរបណ្ដាលមកពីជំងឺកូវីដ-១៩ អាចកាត់បន្ថយការសម្រាកនៅមន្ទីរពេទ្យ និងជួយសង្គ្រោះអាយុជីវិត ផងដែរ»។

លោកស្រីបន្ដថា ប្រសិនបើប្រជាពលរដ្ឋខ្មែរដល់វេនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរស់រានមកទទួលចាក់ វ៉ាក់សាំងនេះជាបន្ទាន់ បើសិនមិនដល់វេនត្រូវរង់ចាំជាមុនសិន ព្រោះថា ចំនួនវ៉ាក់សាំងអាស្ដ្រាហ្សឺណិការ ដែលផ្ដល់ឲ្យកម្ពុជា នាពេលនេះ ចំនួនមានកំណត់ ដូច្នេះ ត្រូវផ្ដល់អាទិភាពដល់អ្នកងាយរងគ្រោះ និងអ្នកប្រឈមមុខនឹងជំងឺកូវីដ-១៩។

តំណាង WHO ក៏បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងមិនមែនជាដំណោះស្រាយ ពីជំងឺកូវីដ-១៩ឡើយ ។ វ៉ាក់សាំង មានប្រសិនភាពលុះត្រាតែ ប្រជាពលរដ្ឋខ្មែរត្រូវចេះការពារខ្លួន និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ WHO ថា នាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រយុទ្ធប្រឆាំងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដូច្នេះ អំពាវនាវប្រជាពលរដ្ឋចូលរួមប្រឆាំងជំងឺកូវីដ-១៩ទាំងអស់គ្នា។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨៤៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន៣៦៦នាក់៕

To Top