ព័ត៌មានជាតិ

អបអរសាទរ! វ៉ាក់សាំងកូវីដ-១៩ ពីឥណ្ឌាតាមរយៈកូវ៉ាក់ ចំនួន ៣២៤.០០០ដូស បានមកដល់កម្ពុជាហេីយ

ភ្នំពេញ ៖ នៅម៉ោងប្រមាណជាជិត៨យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងអាស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន ៣២៤.០០០ដូស ដែលទទួលអាជ្ញាបណ្ណ ផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌាបានមកដល់ប្រទេសកម្ពុជាហេីយ។

ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩  ជំហានទី១  ពីមជ្ឈមណ្ឌលកូវ៉ាក់នាយប់ថ្ងៃទី២ មីនា នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា  ដោយមានការប្រគល់ ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាព ពិភពលោកប្រចាំកម្ពុជា និងលោកស្រី រុក ឲ្យូហ្សេត (Ms. Foroogh Foyouzat) តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ។

វ៉ាក់សាំងដែលមកដល់នាពេលនេះ គឺជាចំនួនវ៉ាក់សាំង ជាលើកដំបូងដែលផ្តល់ជាជំនួយឲ្យកម្ពុជាពីមជ្ឈមណ្ឌលកូវាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ នៅពេលក្រោយទៀត ជាដំណាក់ៗ នៅក្នុងឆ្នាំ២០២១នេះ។

តាមប្រភពព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា   មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឲ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបាន វ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺ កូវីដ-១៩ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្រសួងសុខាភិបាល ក៏បានលើកឡើងទៀតថា មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូ ជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)។ កម្ពុជា គឺជាប្រទេសមួយ ដែលស្ថិតនៅក្នុងចំណោម ប្រទេសដំបូងគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដែលទទួលបាន វ៉ាក់សាំងពីមជ្ឈមណ្ឌលកូវាក់ (COVAX Facility)នេះ៕

To Top