ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់បន្ថែមថា ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារ ទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន៦ ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជា យន្តការមួយដ៏សំខាន់ក្នុងការកំណត់ អំពីវិធានការសុខាភិបាលវិធានការ រដ្ឋបាលនិងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិត ប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងជំងឺ នេះចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រដ្ឋសភាបានថ្លែងកោតសរសើរយ៉ាងក្រៃលែង ចំពោះរាជរដ្ឋាភិបាលដែលបាន ខិតខំដាក់ចេញវិធានការនានា នាពេលកន្លងមកដោយបានទប់ស្កាត់ ឆ្លើយតបចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ធានាបាននូវកិច្ចការពារសុខុមាល ភាពប្រជាពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។

សេចក្តីព្រាងច្បាប់ថ្មីដែលកើតចេញជារូបរាងនេះ ជាសក្ខីភាពកាន់តែច្បាស់ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការ ទទួលខុសត្រូវខ្ពស់របស់ រាជរដ្ឋាភិបាលចំពោះអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋ ហើយសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីច្បាប់នេះចូលជាធរមាន ក្នុងពេលឆាប់ៗខាងមុខបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តយ៉ាងសកម្មទាំងអស់គ្នា និងប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីតម្កល់ផលប្រយោជន៍រួមរបស់ជាតិយើង ៕
