ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់៖ ស្ថានភាពនៅមីយ៉ាន់ម៉ា គឺត្រូវតែរួមគ្នាសង្រ្គោះជាបន្ទាន់ ទាំងនៅក្នុងសហគមន៍អាស៊ាន និងនៅពិភពលោក

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថាស្ថានភាពនៅមីយ៉ាន់ម៉ា គឺត្រូវតែរួមគ្នាសង្រ្គោះជាបន្ទាន់ ទាំងនៅក្នុងសហគមន៍អាស៊ាន និងនៅពិភពលោកពីព្រោះទង្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ផ្ទុយពីស្មារតីនយោបាយពិភពលោក ដោយអ្នកចាញ់ប្លន់អំណាចពីអ្នកឈ្នះ ខណៈនៅក្នុងរបបប្រកាន់លទ្ធិប្រជាធិបតេយ្យ តម្រូវឲ្យគោរពតាមសំឡេងភាគច្រើនប៉ុន្តែនៅមីយ៉ាន់ម៉ា ដើរផ្ទុយស្រលះពីស្មារតី លទ្ធិប្រជាធិបតេយ្យ 390ដឺក្រេ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងបែបនេះ ក្រោយពេលដែលក្រុមយោធាមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារ ទៅលើក្រុមបាតុករ ដែលបានធ្វើដំណើរតាមដងផ្លូវ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដែលបានបណ្តេញមេដឹកនាំជាប់ឆ្នោត លោកស្រីស៊ូជី ចេញពីតំណែងក្នុងនោះមនុស្ស ៣៨ នាក់ ត្រូវបានសម្លាប់នៅក្នុងថ្ងៃបាតុកម្មផងដែរ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៥ មីនានេះថា ដោយសារតែអំណាចបានធ្វើឲ្យ មនុស្សស្លូតក្លាយទៅជាកាច រីឯមនុស្សឆ្លាតក្លាយទៅជាល្ងង់ ហើយហ៊ានធ្វើអ្វីៗ គ្រប់យ៉ាងគឺដើម្បីតែអំណាចខ្លួន។ ឈាមយុវជនហូរដើម្បីភាពត្រឹមត្រូវ គឺជាការលះបង់ដ៏មានតម្លៃបំផុត ហើយអ្នកដែលបានធ្វើឲ្យឈាម យុវជនហូរដោយបំពានភាពត្រឹមត្រូវគឺជាជនបិសាច។

ប្រធានគណបក្សយុវជនកម្ពុជាសង្កត់ធ្ងន់ថា “ស្ថានភាពនៅមីយ៉ាន់មា គឺត្រូវតែរួមគ្នាសង្រ្គោះជាបន្ទាន់ទាំងនៅក្នុងសហគមន៍អាស៊ាន និងនៅពិភពលោក ពីព្រោះទង្វើរដ្ឋប្រហារនៅមីយ៉ាន់មាផ្ទុយពីស្មារតីនយោបាយពិភពលោក ដោយអ្នកចាញ់ប្លន់អំណាចពីអ្នកឈ្នះ ពីព្រោះនៅក្នុងរបបប្រកាន់លទ្ធិប្រជាធិបតេយ្យ តម្រូវឲ្យគោរពតាមសម្លេងភាគច្រើន ប៉ុន្តែនៅមីយ៉ាន់មាដើរផ្ទុយស្រលះ ពីស្មារតីលទ្ធិប្រជាធិបតេយ្យ 390ដឺក្រេ ដូច្នេះដល់ពេលពិភពលោកចូលសង្រ្គោះមីយ៉ាន់មា ចេញពីចង្កូមបិសាចស្រេកឃ្លាន អំណាចហើយ ម្យ៉ាងវិញទៀតសហគមន៍អាស៊ាន ក៏គួរវិសោធនកម្មធម្មនុញ្ញអាស៊ានផងដែរ ពាក់ព័ន្ធមាត្រាមិនលូកដៃកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិកគឺ
ដើម្បីធានាបានសេចក្តីសុខរួម នៅក្នុងតំបន់អាស៊ានទាំងមូល”។

លោក ពេជ្រ ស្រស់ លើកឡើងបន្ថែមថា យុវជនជាកម្លាំងស្នូលនៃ ប្រទេសជាតិប៉ុន្តែយុវជនក៏ត្រូវដឹងថាភាពត្រឹមត្រូវសម្រាប់ជាតិ និងភាពត្រឹមត្រូវរបស់ ច្បាប់ឲ្យច្បាស់លាស់ដែរ មិនមែនធ្វើសកម្មភាពប្រឆាំងនឹងច្បាប់នោះឡើយ។ ជាក់ស្តែងយុវជនមីយ៉ាន់មា ក្រោកឡើងតវ៉ាគឺវា ជារឿងត្រឹមត្រូវបំផុត ដោយហេតុថា៖ អ្នកមានកាំភ្លើងប្លន់អំណាច ពីអ្នកឈ្នះដូច្នេះក្នុងនាមសមាជិក អ្នកឈ្នះត្រូវតែក្រោកឡើងការពារភាព ឈ្នះរបស់ខ្លួន គឺមិនមែនចាញ់គេហើយនាំគ្នាទៅ ដណ្តើមភាពឈ្នះពីអ្នកឈ្នះនោះឡើយ។ ពិភពលោកសុខសាន្ត គឺមនុស្សជាតិរុងរឿង៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top