Covid-19

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវដល់សមាជិក ឲ្យចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវ ដល់បងប្អូនសមាជិក-សមាជិកា ក៏ដូចជាកម្មករ-កម្មការិនីទូទាំងប្រទេស ត្រូវចូលរួមការពារ សហការ និងចូលរួមទប់ស្កាត់ ពីការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ទាំងអស់គ្នា ដោយអនុវត្តទៅតាមវិធានការនានា ដែលដាក់ចេញដោយ ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវបែបនេះ ស្របពេលស្ថានភាពជំងឺ កូវីដ-១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំង ដែលជាការឆ្លងនៅក្នុងសហគមន៍ ដោយក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងច្រើន ជាបន្តបន្ទាប់ ទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលគិតមកដល់ថ្ងៃចុងក្រោយ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ អ្នកឆ្លងជំងឺ កូវីដ-១៩ សរុបមានរហូតដល់ទៅជិត ១ពាន់នាក់ (៩៣២នាក់)។
ហើយអ្វី ដែលកាន់តែគួរឲ្យព្រួយបារម្ភ លើសពីនេះទៅទៀតនោះ គឺជំងឺ កូវីដ-១៩ បានផ្ទុះនៅក្នុងរោងចក្រសហគ្រាស ដែលមានកម្មករ-កម្មការិនីរាប់ពាន់នាក់ កំពុងបម្រើការងារ ជាហេតុធ្វើឲ្យជំងឺដ៏អាក្រក់មួយនេះ កាន់តែងាយរីករាលដាល៕

To Top