ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានរំលឹកពីផែនការវិលត្រឡប់ មកស្រុកខ្មែរវិញរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមមធ្យោបាយហិង្សាយ៉ាងពិតប្រាកដ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានបញ្ជាក់ពីសកម្មភាពលោក សម រង្ស៊ី និងបក្ខពួកថា មានកម្មភាពជាច្រើនដែលអាច ប្រមូលផ្តុំជា៣សកម្មភាពធំៗ ដូចជា៖ ទី១-ធ្វើសកម្មភាពញុះញង់ និងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការឲ្យធ្វើការ បះបោរប្រឆាំងរាជរដ្ឋាភិបាល , ទី២-ធ្វើសកម្មភាពញុះញង់ និងអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យងើបបះបោរប្រឆាំងនឹងរដ្ឋអំណាច និងទី៣-រៃអង្គាស និងប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ដើម្បីធ្វើសកម្មភាពខាងលើនេះ ។

លោកបន្តថា “ដូច្នេះសកម្មភាពធំៗទាំង៣ ខាងលើនេះ គឺរៀបចំឡើងក្នុងគោលដៅចំនួន២គឺ ៖ទី១-ចូលមកក្នុងស្រុកដើម្បី ចាប់នាយករដ្ឋមន្រ្តីក្នុងតំណែង និងទី២-ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។ ដូច្នេះធាតុពិតនៃផែនការនេះ គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារតាមមធ្យោបាយហិង្សា យ៉ាងពិតប្រាកដ»។ ដូច្នេះ ពាក្យថា ផែនការវិលត្រឡប់ គឺជាលេស និងជាកលល្បិចនយោបាយ ដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជនស្លូតត្រង់ ឲ្យចូលរួមក្នុងផែនការខាងលើនេះតែប៉ុណ្ណោះ»។

លោកបន្ដថា អំពើ និងសកម្មភាពទាំងនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំ ហើយភស្តុតាងមួយ ចំនួនអាចរកបានដោយងាយស្រួលព្រោះ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកបានប្រើប្រាស់ហ្វេសប៊ុក និងបណ្តាញសង្គមដទៃទៀត ធ្វើជាមធ្យោបាយ ដើម្បីបង្ហោះសារញុះញង់ និងបម្រើឲ្យផែនការសកម្មភាពទុច្ចរិតរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកជាសំណួរថា ជាទិដ្ឋភាពផ្លូវច្បាប់ តើប្រទេសណាមួយក្នុងលោកនេះ ដែលមិនចាត់ទុក «ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើ» ថាជាអំពើខុសច្បាប់? ប្រទេសមួយចំនួនបានថែមទាំង ចាត់ទុកក្រុមទាំងនេះ ជាអង្គការភេរវនិយម។

អ្នកនាំពាក្យបន្ថែមថា ជាការត្រឹមត្រូវដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងនាម ជារដ្ឋឯករាជ្យនិងអធិបតេយ្យ ក្នុងនោះ រួមមាន វិធានការច្បាប់ វិធានការនយោបាយ និងវិធានការការទូត ដោយបានបំផ្លាញចោលទាំងស្រុង នូវផែនការបំផ្លាញកម្ពុជា ដែលដឹកនាំអនុវត្តដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួក ហើយធានាថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជន ៕
