ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ ប្រចាំសប្ដាហ៍

រដ្ឋមន្ដ្រីកសិកម្ម ៖ ខ្ញុំដឹងសុខទុក្ខ ការឈឺចុកចាប់របស់អ្នកចិញ្ចឹមត្រី និងកំពុងរកវិធីសាស្ដ្រដោះស្រាយឲ្យ ក្រោយលក់ត្រីមិនចេញ

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ ៖ ក្រោយពីអ្នកចិញ្ចឹមត្រីបានត្អូញត្អែរ ពីការលក់ត្រីមិនចេញ ដោយសារក្រសួងអនុញ្ញាត ឲ្យនាំចូលត្រីពីវៀតណាមវិញ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបវិញថា ក្រសួងបានដឹងពីសុខទុក្ខ ចំពោះអ្នកចិញ្ចឹមត្រីទាំងអស់ ហើយក៏កំពុងរកវិធីសាស្ដ្រ ដោះស្រាយឲ្យពួកគេផងដែរ។

លោក វេង សាខុន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ថា «យើងកំពុងធ្វើការដោះស្រាយ ។ ទន្ទឹមនឹងអ្វីដែលយើងពិនិត្យឃើញ បញ្ហាប្រឈមកន្លងទៅនេះ ក៏យើងត្រូវពិនិត្យមើល បទដ្ឋានកិត្តិយុត្តអ្វីខ្លះ ? ដែលយើងត្រូវបំពេញបន្ថែម អ្វីដែលជាការឈឺចាប់ គឺក្រសួងបានដឹង ហើយវារីវប្បករទាំងអស់ (អ្នកចិញ្ចឹមត្រី) ។ មិនមែនថា ក្រសួងមិនអើពើទេ ក្រសួងអើពើហើយ ដឹងសុខទុក្ខចំពោះវារីវប្បករទាំងអស់»។

ក្រុមអ្នកអ្នកចិញ្ចឹមត្រី នៅតាមបណ្ដារាជធានី-ខេត្ត មួយចំនួន បានត្អូញត្អែរយ៉ាងខ្លាំងចំពោះត្រី ដែលខ្លួនចិញ្ចឹមបានហើយ គ្មានទីផ្សារ និងលក់មិនចេញដោយសារតម្លៃថោក ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ បានអនុញ្ញាត ឲ្យនាំចូលត្រីពីវៀតណាមឡើងវិញ។ពួកគេអះអាងថា ដោយសារកត្តាទាំងនេះហើយ ទើបធ្វើឲ្យត្រីនៅកម្ពុជាលក់មិនដាច់ ពោលគឺគ្មានទីផ្សារ ។

កាលពីថ្ងៃ៨ កុម្ភៈ ក្រសួងកសិកម្ម បានចេញសេចក្តីប្រកាស បន្តការអនុញ្ញាតឲ្យនាំចូល ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីវៀតណាមឡើងវិញ ដើម្បីឆ្លើយតបតាមតម្រូវការ ជាក់ស្តែងក្នុងស្រុក ៕

Breaking news: កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រើសិទ្ធការពារខ្លូន បាញ់សម្លាប់ ឧក្រិដ្ឋជន ៤នាក់ ក្នុងពេលចុះបង្ក្រាប ករណីប្លន់សម្លាប់ ២នាក់ប្តីប្រពន្ធ នៅបុរីអង្គរភ្នំពេញ

ភ្នំពេញ ៖ នៅមុននេះបន្តិច កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបាញ់សម្លាប់ក្រុមឧក្រិដ្ឋជន ៤នាក់ ក្រោយបាញ់រះមកលើកម្លាំង កងរាជអាវុធហត្ថ ក្នុងពេលចុះបង្ក្រាបករណីប្លន់សម្លាប់ ២នាក់ប្តីប្រពន្ធ និងកូនឈ្នួល ២នាក់ នៅបុរីអង្គរភ្នំពេញ ។

យោងតាមហ្វេសប៊ុក អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា «មុននេះបន្តិច មានករណីឧក្រិដ្ឋជន ៤នាក់ បានចូលប្លន់ ក្នុងផ្ទះមួយកន្លែង នៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់ ១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល ២នាក់ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ១ដើម និងកាំភ្លើងខ្លី ២ដើម បាញ់ស្រោចមកលើកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង ៤នាក់ ស្លាប់នៅនឹងកន្លែង» ៕

បុរសម្នាក់នៅសង្កាត់ច្បារអំពៅ ជាអ្នករត់ Pass App មានផ្ទុកជំងឺកូវីដ១៩ បានចូលរួមឡើងគេដ្ឋានមួយ នៅស្រុកត្បូងឃ្មុំ

ភ្នំពេញ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានឲ្យអ្នកចូលរួមឡើងគេហដ្ឋាន របស់ប្រជាពលរដ្ឋនៅភូមិស្លាប់ក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយបុរសម្នាក់រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាអ្នករត់ Pass App បានឆ្លងជំងឺកូវីដ១៩ ហើយបានចូលរួមក្នុងពិធីនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃ២៨ កុម្ភៈ បានឲ្យដឹងថា បន្ទាប់ពី ទទួលព័ត៌មានពីក្រសួងសុខាភិបាលនាថ្ងៃ២៧ កុម្ភៈ បានរកឃើញបុរសម្នាក់ដែល បានមកចូលរួមកម្មវិធីឡើងគេហដ្ឋាននេះ មានផ្ទុកជំងឺកវីដ-១៩ ហើយរដ្ឋបាលខេត្តក៏បានចាត់មន្ទីរសុខាភិបាលចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាពាក់ព័ន្ធ ក្នុងនោះរួមមាន៖ ១-ក្រុមគ្រួសារ ឪពុក ម្តាយ កូន ចំនួន៣នាក់រស់នៅភូមិនៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

២-អ្នកចូលរួមមានចំនួន៧នាក់ (ប្រុស) រស់នៅភូមិស្លាបច្រាំង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ៣-ប្រជាពលរដ្ឋ ចំនួន៣នាក់ រស់នៅភូម៌៣២ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទី៤-ម្ចាស់កម្មវិធីចំនួន៤នាក់ រស់នៅភូមិស្លាប់ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ។

សេចក្តីប្រកាសព័ត៌មានបន្តថា “ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវ៥-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកបាន ចូលរួមក្នុងកម្មវិធីឡើងគេហដ្ឋាន និងអ្នកពាក់ព័ន្ធនៅស្រុកត្បូងឃ្មុំ សូមសហការជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញ ដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំង ដែលមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបានរៀបចំ នៅមន្ទីរបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ”។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ១ មីនា នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ១៥នាក់ទៀត ក្នុងនោះ ករណីឆ្លងសហគមន៍១៤នាក់ និងអ្នកដំណើរពីបរទេស១នាក់ ខណៈគ្មានអ្នកជាសះស្បើយ។ ចំពោះអ្នកឆ្លងសរុបមានចំនួន៨២០នាក់ អ្នកជាសះស្បើយចំនួន៤៧៧ នាក់ និងអ្នកកំពុងព្យាបាលចំនួន៣៤៣ នាក់។ ដោយឡែកអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈវិញមាន ៣១៦នាក់៕

សពឧក្រិដ្ឋជន ៣នាក់ ត្រូវសាច់ញ្ញាតិ មកទទួលស្គាល់ លើកលែងតែមេក្លោង អ៊ឹម វណ្ណារិទ្ធទេ មិនទាន់ឃើញសាច់ញ្ញាតិ

សាកសពឧក្រិដ្ឋជន៣នាក់ ដែលបាញ់សម្លាប់ប្តីប្រពន្ធមួយគូ ដើម្បីជម្រិតប្លន់យកប្រាក់១លានដុល្លារ

ភ្នំពេញ ៖ សាកសពឧក្រិដ្ឋជន៣នាក់ ដែលបាញ់សម្លាប់ប្តីប្រពន្ធមួយគូ ដើម្បីជម្រិតប្លន់យកប្រាក់១លានដុល្លារ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ត្រូវបានឪពុក-ម្តាយ និងសាច់ញ្ញាតិមកទទួលស្គាល់ហើយ នៅរសៀលថ្ងៃ២ មីនា ដើម្បីយកធាតុ ទៅធ្វើបុណ្យនៅផ្ទះរៀងខ្លួន លើកលែងតែមេក្លោងឈ្មោះ អ៊ឹម វណ្ណារិទ្ធទេ ដែលមិនទាន់ឃើញសាច់ញ្ញាតិ មកទទួលស្គាល់។

នាម៉ោង១១ព្រឹកថ្ងៃ២មីនានេះ សាកសពឧក្រិដ្ឋជនទាំង៤នាក់ ត្រូវបានតាអាចារ្យភ្លុកប្រចាំនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកដាក់ចូលឡ ដើម្បីបូជាម្ដងម្នាក់ៗ ព្រោះមិនអាចទុកបានទៀតទេ ដោយសារសពចាប់ផ្តើមហើម និងមានរុយរោម ៕

បង្រ្កាបឧក្រិដ្ឋជនទាំងបួន ធ្វើឱ្យមហាជន ចាប់អារម្មណ៍ សមត្ថភាព លោកវរៈ សេនីយ៍ សៀ ទីន កូនប្រុស លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង

លោកវរៈ សេនីយ៍ សៀ ទីន កូនប្រុស លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង

ភ្នំពេញ៖វត្តមានកូនប្រុស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ា ង គឺលោកវរ:សេនីយ៍ឯក សៀ ទីន ចូលរួមក្នុង ប្រតិបត្តិការកម្ទេចក្រុមចាប់ជំរិត ៤នាក់ ត្រូវសាធារណជនវាយតម្លៃថា មានសមត្ថភាពជំនាញ ដឹកនាំបញ្ជារ ក្រុមការងារ ប្រកបដោយជោគជ័យ គួរស្ញើចសរសើរ។

សូមទស្សនាវីដេអូ ខាងក្រោម ដែលលោកសៀ ទីន នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់ការសិក្សា និងបទពិសោធន៍រៀនសូត្រ៖

បុរសជាជនចិន អា ក សម្លាប់សង្សារជានារីខ្មែរ យ៉ាងស្រស់ស្អាត

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីភ្ញាក់មួយ បានបង្កើតឡើងនៅត្រង់ចំណុចបន្ទប់ជួល មួយកន្លែង នៅក្បែរមន្ទីរពេទ្យនគររាជ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានបុរសជាជនចិនម្នាក់ បានអាកសម្លាប់នារីដ៏ស្រស់ស្អាត ជាសង្សារជនជាតិខ្មែរ យ៉ាងអាណោចអាធ័ម នាយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

ស្រ្តីដែលស្លាប់នោះមានឈ្មោះ ហួន ស្រី អាយុ២៣ ឆ្នាំ ភេទស្រី មកស្នាក់នៅបន្ទប់ជួលលេខ៥ ផ្ទះជួលភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត មុខរបរធ្វើការនៅក្រុមហ៊ុនកាស៊ីណូពូលី ។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹង បន្តទៀតថា នៅមុនពេលកើតហេតុនៅវេលាម៉ោង៨យប់ឈ្មោះ ប៉ាត ស្រីល័ក្ខ អាយុ២៩ឆ្នាំភេទស្រី ត្រូវជាមិត្តភ័ក្តិ បានវិលត្រឡប់មកពីធ្វើការវិញ លុះមកដល់បន្ទប់ ឃើញបិទទ្វារចាក់សោរជាប់ ទោះបីខិតខំគោះទ្វារយ៉ាងណាក៏មិនឮ ទើបយកកូនសោរចាក់ទ្វារ ស្រាប់តែឃើញសព ឈ្មោះ ហួន ស្រីដេកស្លាប់លើគ្រែ ដោយមានឈាមជាប់ និងដងខ្លួនផង ហើយបានរាយការណ៍មកសមត្ដកិច្ច ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ត្រូវទប់ស្កាត់មិនឲ្យប្រជាជនចេញពីខេត្តព្រះសីហនុ ខណៈសម្ដេចថា មិនបិទក្រុងព្រះសីហនុឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ត្រូវទប់ស្កាត់ការចល័តរបស់ប្រជាជនចេញពី ខេត្តព្រះសីហនុ ទៅរាជធានី-ខេត្ត ផ្សេងៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្ដែមិនអាចបិទក្រុងព្រះសីហនុបានឡើយ ដោយសារពាក់ព័ន្ធនាំទំនិញ ចេញ-ចូល។

តាមរយៈសារសំឡេង នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ករណីកើន ឡើង នៃអ្នកមានវិជ្ជមានកូវីដ-១៩ នៅខេត្តព្រះសីហនុ គប្បីយកវិធានការបន្ទាន់ ក្នុងនោះ វិធានការទីមួយ គឺបិទចរាចរ ណ៍មនុស្សចេញពីខេត្តព្រះសីហនុ ទៅកាន់ខេត្តផ្សេង គឺធ្វើយ៉ាងម៉េចកាត់បន្ថយ និងខិតខំចលនាមនុស្សកុំឲ្យចេញ ចឹង វិធានការ នៃគ្រប់គ្រងដែលយើងបានកំណត់ នៅតាមទីតាំងនានាអាហ្នឹងគឺបិទរួចទៅហើយ ប៉ុន្ដែអ្នកដ៏ទៃទៀត ដែលមិ នទាន់បានពិនិត្យ គួរតែត្រូវមានការរារាំងក្នុងការធ្វើដំណើរ។

សម្ដេចតេជោ បន្ដថា «យើងមិនអាចបិទទាំងស្រុងទេ ហើយយើងមិនអាចបិទក្រុង (ក្រុងព្រះសីហនុ) បានទេ តែវាពាក់ ព័ន្ធជាមួយនឹងការនាំចូលទំនិញ ប៉ុន្ដែចំពោះមនុស្សអាចនឹងមានការតម្រូវឲ្យមានការខិតខំ ដើម្បីទប់ស្កាត់ នៃការីករាល ដាលទៅកាន់ខេត្តផ្សេង ចឹងសូមឲ្យគេស្មាកនៅខេត្តព្រះសីហនុ កុំឲ្យចេញមកក្រៅ ដូចជា កែប កំពត ឬមកតាមផ្លូវជាតិ លេខ៤»។

សម្ដេចតេជោ បន្ថែមថា បញ្ហាសំខាន់បំផុតកុំឲ្យជំងឺកូវីដ-១៩ រីករាលដាលចេញពីខេត្តព្រះសីហនុ ទៅខេត្តផ្សេងៗ ដូច្នេះ អ្នកពាក់ព័ន្ធត្រូវរកវិធានការដោះស្រាយជាបន្ទាន់ តាមរយៈធ្វើរបៀបណាទប់ស្កាត់តាមមាត់ច្រកខេត្តព្រះសីហនុ ហើយត្រូវធ្វើឲ្យបានត្រឹមត្រូវបំផុត ដើម្បីចៀសវាងចម្លងទៅខេត្តផ្សេងៗ ពិសេស ត្រូវធ្វើយ៉ាងណា កុំឲ្យប៉ះពាល់ក្នុងការ ដឹកទំនិញ ចេញ-ចូល។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅដល់ភាគីពាក់ព័ន្ធ ត្រូវជំរុញប្រជាពលរដ្ឋរស់នៅខេត្តព្រះសី ហនុ ឲ្យមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយគោលការណ៍ស្ម័គ្រចិត្ត ដោយហេតុថា វ៉ាក់សាំងនឹងដឹកទៅខេត្ត ព្រះសីហនុ នាថ្ងៃ៤ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨៧៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៨២នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន៣៩៦នាក់៕

សម្តេចតេជោ ប្រាប់ទៅអតីតមេបក្ស ប្រឆាំងថា សម្តេចនៅតែជាបេក្ខជន នាយករដ្ឋមន្រ្តី សម្រាប់អាណត្តិខាងមុខ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ទៅលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងនៅក្រៅប្រទេសថា សម្រាប់អាណត្តិខាងមុខ គឺសម្តេចនៅតែបន្តធ្វើជាបេក្ខជន នាយករដ្ឋមន្រ្តី កុំមកចង់ដេកស្រម៉ៃ ព្រោះក្នុងក្របខណ្ឌ នៃច្បាប់ គឺសម្តេច គឺជាបេក្ខជននាយករដ្ឋមន្រ្តី។

សម្តេចតេជោបន្តថា បើចង់មកស្រម៉ៃទាល់តែចាំរហូតដល់ថ្ងៃទី៣១ ខែកុម្ភៈ ទៅ ព្រោះសុភាពសម្តេចល្អណាស់ ស្របពេលនេះ គឺសម្តេចបានចាក់វ៉ាក់សាំងនេះកាន់តែល្អថែមទៀត។

សម្តេចបន្ថែមទៀតថា ការបោះឆ្នោតឃុំសង្កាត់នឹងធ្វើឡើង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចថា សម្តេចលែងប្រកាសកាន់តំណែង ១០ទៅឆ្នាំទៀតហើយ ដើម្បីកុំឲ្យក្រុមប្រឆាំង ដែលគិតស្រម៉ៃទៀត ។ ពួកគេតែងតែលើកឡើងថា សម្តេចនឹងប្រគល់តំណែង ទៅឲ្យអ្នកនេះ អ្នកនោះ ជាពិសេសថា ប្រគល់ទៅឲ្យកូនប្រុសច្បងសម្តេច គឺលោក ហ៊ុន ម៉ាណែត ៕

ក្រោយស្រាវជ្រាវ អត្តសញ្ញាណឧក្រិដ្ឋជន ចូលចាប់ជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច សមត្ថកិច្ចរកឃើញភស្តុតាង បន្ថែមគួរឲ្យភ្ញាក់ផ្អើល

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបករណីចូលជំរិតនិងប្លន់សម្លាប់ មិនបានសម្រេចកាលពីវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅបុរីអង្គរភ្នំពេញ រួចមកសមត្ថកិច្ចរកឃើញ ភស្តុតាងបន្ថែមគួរឲ្យភ្ញាក់ផ្អើល។ នេះបើតាមហ្វេសប៊ុករបស់លោក រ័ត្ន ស្រ៊ាង នៅព្រឹកថ្ងៃទី៤ មីនា។

សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបន្ត និងបានកំណត់អត្តសញ្ញាណ ក្រុមឧក្រិដ្ឋជនទាំង៤នាក់ ដូចខាងក្រោម៖

-ទី១. ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ ជាមេក្លោង កាន់កាំភ្លើង AK47 កើតថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៩ មានស្រុកកំណើតនៅ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានជួលបន្ទប់មួយទុកចោល លេខ៣១៤ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចេញចូលម្តងម្កាលប៉ុណ្ណោះ។

-ទី២. ឈ្មោះរី ពីសី កាន់កាំភ្លើងខ្លីម៉ាក សូរ៉ាគី កើតថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៩១ មានស្រុកកំណើត សង្កាត់វឌ្ឍនភាព ទីរួមខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១២៨ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

-ទី៣. ឈ្មោះ ម៉ូវ ផានិត កើតថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៩៨មានស្រុកកំណើត ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ក្រោយវត្តតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

-និងទី៤. ឈ្មោះ រ៉ន ភារុន កាន់កាំភ្លើងខ្លីម៉ាក CZ P09 កើតឆ្នាំ២០០០ មានស្រុកកំណើត ភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រៅពីអាវុធវែងខ្លី៣ដើមខាងលើ ជនល្មើស នៅមានខ្នោះដៃ២គូ ស្កុតសម្រាប់រុំបិទមាត់០២ដុំ, ខ្សែរ៉ូតជ័រទុកចងដៃជើង១ដុំ យកទៅតាមខ្លួនសម្រាប់ធ្វើសកម្មភាពជំរិត និងប្លន់សម្លាប់ ផងដែរ។

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញ នៃមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ និងដោយមានការសហការណ៍ ជាមួយម្ចាស់ផ្ទះជួល ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលជួលទុកចេញចូលម្តងម្កាល រកឃើញសម្ភារៈល្មើសច្បាប់មួយចំនួនទៀត រួមមាន៖

១.កាំភ្លើងវែង ម៉ាក M16 ចំនួន ១ដើម
២.គ្រាប់កាំភ្លើងចម្រុះ ចំនួន ១៦ គ្រាប់
៣. ស្រោមអាវុធខ្លី ម៉ាកK54 ចំនួន ១ និង៤. សម្ភារៈផ្ទាល់ខ្លួនជនល្មើសជាច្រើនទៀត ៕

លោក អ៊ូ ច័ន្ទរ័ត្ន ៖ បក្សលោកបង្កើតឡើង ដើម្បីប្រកួតប្រជែង ជាមួយបក្សកាន់អំណាច

លោក អ៊ូ ច័ន្ទរ័ត្ន ដែលប្រភពចេញមកពីអតីតគណបក្សសង្រ្គោះជាតិ

ភ្នំពេញ ៖ ក្រោយពីអ្នកវិភាគ នយោបាយចាស់វស្សា ឡៅ ម៉ុងហៃ ដៀមដាមឲ្យខ្លួនថា បើបង្កើតគណបក្ស សម្រាប់តែធ្វើបក្សប្រឆាំង គឺមិនអាចដឹកនាំប្រទេសនោះ លោក អ៊ូ ច័ន្ទរ័ត្ន ដែលប្រភពចេញមក ពីអតីតគណបក្សសង្រ្គោះជាតិ តបទៅវិញថា បក្សថ្មីដែលបង្កើត ដោយរូបលោកផ្ទាល់ ដើម្បីប្រកួតប្រជែង ជាមួយបក្សកាន់អំណាច ។

លោក ឡៅ ម៉ុងហៃ បានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា មិនឆ្លាតនិង​មិនអាចទៅដឹកនាំប្រទេសបានទេ បើគ្រាន់តែបង្កើតគណបក្ស នយោបាយមួយ គ្រាន់តែសម្រាប់ធ្វើជាគណបក្សប្រឆាំង ។

លោកថា មនុស្សឆ្លាត ហើយអាចទៅជាអ្នកនាំប្រទេសបាន គឺបង្កើតគណបក្សដើម្បីទៅប្រកួតប្រជែងយកអំណាចពីប្រជាពលរដ្ឋសម្រាប់យកទៅគ្រប់គ្រងដឹកនាំប្រទេស។

លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៤ មីនា ថា “សម្រាប់គណបក្សថ្មី ដែលយើងកំពុងបង្កើតនេះ គឺគណបក្សកែទម្រង់កម្ពុជា មិនដូច្នោះទេ យើងប្រកួតប្រជែង ជាមួយគណបក្សកាន់អំណាច” ។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏លោកយល់ស្រប ចំពោះការលើកឡើង របស់លោក ឡៅ ម៉ុងហៃ (មិនឆ្លាតនិង មិនអាចដឹកនាំប្រទេសបាន បើបង្កើតបក្សសម្រាប់ធ្វើជាបក្សប្រឆាំង) ។

លោកថា ការលើកឡើងរបស់លោក ឡៅ ម៉ុងហៃ បែបនេះដោយសារអ្នកវិភាគនេះ មើលឃើញជាទូទៅថា ការបង្កើតបក្សថ្មីៗ ជាច្រើនកន្លងមក ដើម្បីជ្រកក្រោមស្លាកគណបក្សកាន់ អំណាចយកតំណែងតួនាទី ដោយមិនគិតពីការប្រកួតប្រជែង យកអំណាចដឹកនាំរដ្ឋ ។

លោក អ៊ូ ច័ន្ទរ័ត្ន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំចុះបញ្ជីគណបក្សកែទម្រង់កម្ពុជាជាផ្លូវការ ។

សូមបញ្ជាក់ថា ជារឿយៗ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ប្រកាសស្វាគមន៍ចំពោះការបង្កើតគណបក្សថ្មី ពីសំណាកអតីតមន្រ្តីបក្សប្រឆាំង ដើម្បីមកប្រកួតប្រជែង លើផ្លូវនយោបាយ តាមបែបលទ្ធិប្រជាធិបតេយ្យ ។

សម្តេចតេជោ នៅព្រឹកថ្ងៃទី៤ មីនានេះដែរ ក៏បានប្រកាសថា ការបោះឆ្នោតឃុំ-សង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕

To Top