កណ្តាល៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារស្រុក បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ពាក់ព័ន្ធដោយ ប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ចំនួន៥គ្រួសារ ក្នុងឃុំកោះឧកញ៉ាតី នៃស្រុកខ្សាច់កណ្តាល។

អំណោយដែលចែកជូននោះ រួមមាន៖ អង្ករ២៥គីឡូ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ សៀងផ្អែម១យួរ ម៉ាស់១ប្រអប់ អាកុលបាញ់២ដប និងថវិកា១០ម៉ឺនរៀល។

លោកអភិបាលស្រុកខ្សាច់កណ្ដាល បានធ្វើណែនាំពលរដ្ឋតាមមូលដ្ឋាន ភូមិ ឃុំ កុំឲ្យមានការជួបជុំគ្នាច្រើន ត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ចូលរួមអនុវត្តវិធានការ « ៣កុំ ៣ការពារ » ។

ក្នុងនោះចេះអនាម័យដោយលាងសម្អាតដៃ ឲ្យបានញឹកញាប់ ពាក់ម៉ាស់នៅកន្លែងចាំបាច់ ព្រមទាំងធ្វើការគោរពគ្នាទៅវិញ ទៅមក ដោយប្រើវិធីសំពះតាមប្រពៃណីខ្មែរ បើមិនចាំបាច់ទេ កុំចេញក្រៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងអស់គ្នា។
សូមបញ្ជាក់ថា ក្នុងស្រុកខ្សាច់កណ្តាល ពុំមានអ្នកផ្ទុកជំងឺកូវីដ-១៩ឡើយ ។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដចូល ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕
