បរទេស៖ កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលរារាំងមីយ៉ាន់ម៉ាមិនឱ្យចូលទៅ កាន់មូលនិធិដែលកំពុងកាន់កាប់ ដោយធនាគារអាមេរិក។ បទបញ្ជានេះបានកើតឡើង បន្ទាប់ពីយោធានៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្វើរដ្ឋប្រហារនិងទម្លាក់មន្ត្រីរដ្ឋាភិបាល ដែលបានជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានរារាំងការដឹកនាំយោធា របស់មីយ៉ាន់ម៉ាពីការដកប្រាក់ចំនួន ១ពាន់លានដុល្លារ ដែលបានកាន់កាប់នៅធនាគារកណ្តាល សហព័ន្ធញូវយ៉កកាលពីដើមខែកុម្ភៈ គ្រាន់តែប៉ុន្មានថ្ងៃ បន្ទាប់ពីយោធារបស់ប្រទេសនេះ បានដណ្តើមអំណាច។
ដោយដកស្រង់សំដីមន្រ្តីចំនួន ៣ រូប, ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រតិបត្តិការនេះត្រូវបានប៉ុនប៉ងដោយ ធនាគារកណ្តាលមីយ៉ាន់ម៉ា កាលពីថ្ងៃទី៤ ខែកុម្ភៈគឺ ៣ ថ្ងៃបន្ទាប់ពីរដ្ឋប្រហារយោធាបានលាតត្រដាង និងទទួលបានការចាប់អារម្មណ៍ ពីមេដឹកនាំពិភពលោក។
ប្រភពមួយក្នុងចំណោមប្រភពទាំងនោះ បានជូនដំណឹងថា សំណើហិរញ្ញវត្ថុត្រូវបានរារាំងដោយស្វ័យប្រវត្តិ ពីព្រោះប្រទេសមីយ៉ាន់ម៉ា ធ្លាប់ត្រូវបានគេដាក់ឈ្មោះ ក្នុង «បញ្ជីពណ៌ប្រផេះ» របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុអន្ដរជាតិ ដោយសារកង្វល់អំពីការលាងលុយកខ្វក់។ ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា បានឈានចូលនៅក្នុងបញ្ជីដោយសារក្តីបារម្ភថា មូលនិធិជួញដូរគ្រឿងញៀនត្រូវបាន គេបោសសំអាតតាមរយៈប្រព័ន្ធធនាគាររបស់ប្រទេស ៕
ប្រែសម្រួលៈ ណៃ តុលា