ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង-ស្រុកទាំង១១ មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវយកសំណាកជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្តកណ្ដាល ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
លោកអភិបាលខេត្តកណ្ដាល បានដាក់បញ្ជាបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យ និងពង្រឹងវិធានការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ។
លោកបន្តថា អភិបាលក្រុង-ស្រុក ទាំងអស់ ត្រូវសហការជាមួយ បណ្ដាលរោងចក្រ សហគ្រាស និងក្រុមហ៊ុននានានៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើការចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីស្វែងរកជនបរទេសទាំងអស់ មកយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីត-១៩ ក្នុងគោលបំណងរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ជាងនេះទៅទៀតអភិបាលក្រុង-ស្រុកទាំង១១ ត្រូវត្រៀមមណ្ឌលចត្តាឡីស័ក ដើម្បីត្រៀមដាក់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើចិត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ផងដែរថា អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានចំនួន ៥៤២២ នាក់ និងបានយកសំណាកទៅពិនិត្យចំនួន ៤៧៣៥ នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលមានចំនួន ១១៨៨ នាក់ និងអ្នកធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន ៤២៣៤ នាក់។
លោកអភិបាលខេត្តកណ្ដាលក៏បានបន្ថែមទៀតថាចំពោះតួលេខទាំងអស់នេះនឹងនៅមានការកើនឡើងបន្តទៀតផងដែរ។
គិតត្រឹមព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១អ្នកឆ្លងជំងឺកូវីដ១៩សរុបមានចំនួន៩៨៧ នាក់ចំណែក អ្នកជាសះស្បើយ ៥១០ នាក់និងអ្នកកំពុងព្យាបាល ៤៧៦ នាក់៕