ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៤នាក់ បន្ថែមទៀត នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានឲ្យដឹងថាអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៤នាក់ សុទ្ធតែពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ទាំងអស់ និងបានជាសះស្បើយ៧នាក់ពីព្រឹត្តិការណ៍សហគមន៍។
ក្រសួងថាក្នុងចំណោម អ្នកឆ្លងទាំ២៤នាក់ ភាគច្រើនជាជនជាតិចិន ជនជាតិខ្មែរនិងជនជាតិវៀតណាម។ អ្នកឆ្លងនៅខេត្តព្រះសីហនុ នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកណ្តាល និងនៅខេត្តកំពង់ធំ។
គិតត្រឹមថ្ងៃទី៨មីនានេះ អ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេសចំនួន១០១១នាក់ និងអ្នកសម្រាកព្យាបាល ៤៩៣នាក់ និងបានព្យាបាលជាសះស្បើយ ចំនួន៥១៧នាក់ ៕