ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប លើកទី១១០ ទិវាអន្តរជាតិនារី ៨ មីនា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ កំពុងរាតត្បាតនាពេលនេះ កាន់តែមិនអាចខ្វះបាន នូវវត្តមានអ្នកគ្រូពេទ្យ ជាទ័ពជួរមុខ ក្នុងសមរភូមិដែលមិនស្គាល់ពីសត្រូវ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ របស់ សម្ដេច ហេង សំរិន បានឲ្យ ដឹងថា ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩»។ ប្រធាន បទនេះបង្ហាញយ៉ាងច្បាស់ពីតម្លៃ និងតួនាទីស្រ្តី ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិ នៅគ្រប់កាលៈទេសៈ ជាពិសេស នៅក្នុងបរិការណ៌មានវិបត្តិ ឬហានិភ័យអ្វីមួយ។
សម្ដេច មានប្រសាសន៍ថា «ជាក់ស្តែង នៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកំពុងរាតត្បាតនេះ យើងកាន់តែមិនអាចខ្វះបាន នូវវត្តមានអ្នកគ្រូពេទ្យដែលជាទ័ពជួរមុខ ក្នុងសមរភូមិដែលយើង មិនស្គាល់ពីសត្រូវច្បាស់ នៅឡើយនោះ។ វីរភាពរបស់អ្នកគ្រូពេទ្យនៅក្នុងពេលនេះ មិនត្រឹមជាអ្នកគ្រូពេទ្យមើលថែអ្នកជំងឺនោះទេ តែពួកគាត់ ប្រៀប ដូចជា មាតា ជាភរិយា បងនិងជាប្អូនស្រី ដែលមើលថែ ផ្តល់ភាពកក់ក្តៅ កម្លាំងចិត្តដល់ប្រជាពពលរដ្ឋ ដែលងាយនឹងរងគ្រោះទំាងអស់»។

សម្ដេចបន្ដថា ជារៀងរាល់ឆ្នាំ នៅក្នុងឱកាសដ៏មានតម្លៃនេះ សម្ដេច តែងតែទទួលជួបប្រតិភូស្រ្តីមកពីវិស័យផ្សេងៗ ទំាងនៅក្នុងជួររាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងធុរកិច្ច ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព សំណូមពរ និងបានផ្តល់អនុសាសន៍ សំដៅលើកកម្ពស់តម្លៃស្រ្តីឲ្យស្របតាម ចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា និងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។
សម្ដេច បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ននីតិប្បញត្តិ ខ្ញុំតែងតែគំាទ្រដល់ការបង្កើតច្បាប់ និងយន្តការនានា ដើម្បីលើកកម្ពស់តួនាទីស្រ្តីនៅលើគ្រប់វិស័យ ជាអាទិ៍វិស័យនយោបាយ អប់រំ សង្គម សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត» ។

ជាងនេះទៅទៀត សម្ដេច ហេង សំរិន ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងក្រៃលែង ដល់រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំង អង្គការជាតិនិងអន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រ ការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាពស្ត្រី និងកុមារ ហើយមានជំនឿជាក់ជាក់យ៉ាងមុតមាំថា ទោះបីជាកម្ពុជា កំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ នេះក៏ដោយ ក៏ទាំងអស់គ្នាបន្តខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការរួមគ្នាបន្ថែមទៀត សំដៅលើកកម្ពស់ស្រ្តី របស់កម្ពុជា ឲ្យកាន់តែមានភាពប្រសើរថែមទៀត ៕
