Covid-19

នាយករដ្ឋមន្រ្តី ស្នើព្រឹទ្ធសភាពន្លឿនអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ

ភ្នំពេញ៖ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ ហាក់មិនទាន់ស្រាកស្រាន្ត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅកាន់ ព្រឹទ្ធសភា ឱ្យពិនិត្យលទ្ធភាព និងរកវិធីអនុម័តឱ្យបាននូវ សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរ ផ្សេងទៀត ខណៈយ៉ាងហោចណាស់ថ្ងៃនេះ មានករណីឆ្លងជំងឺកូវីដ១៩ថ្មី ៤៩នាក់បន្ថែមទៀត នៅភ្នំពេញ ខេត្តព្រះសីហនុ ខេត្តព្រៃវែង និងផ្នែកខ្លះនៃខេត្តកណ្តាល។

តាមរយៈសារសំឡេងពិសេស និងបន្ទាន់មួយ ពាក់ព័ន្ធនឹងស្ថានការរីករាលដាល ជំងឺកូវីដ១៩ នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងបរិការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩ នេះ ច្បាប់ស្តីពី «វិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត» មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រង។

សម្តេចតេជោបានគូសបញ្ជាក់ថា «ច្បាប់នេះវាត្រូវការបន្ទាន់។ យើងមិនអាចប្រើច្បាប់ ក្នុងគ្រាមានអាសន្ន សម្រាប់សភាពការណ៍នេះទេ តែយើងត្រូវការច្បាប់គ្រប់គ្រង ទាក់ទងជាមួយនឹងកូវីដ១៩ និងជំងឺដ៏កាចសាហាវផ្សេងទៀត»។

សម្តេចតេជោ ក៏បានអំពាវនាវ ដល់ប្រធានស្តីទីព្រឹទ្ធសភា ឱ្យរកលទ្ធភាព និងយន្តការ ដើម្បីពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់នេះ។

សូមបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព គ្រប់គ្រងការរីករាលដាល ជំងឺកូវីដ១៩ នោះ រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។

សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ដែលមាន៦ ជំពូក និង១៨មាត្រាត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងហេតុនៃច្បាប់នេះ បានបង្ហាញថា អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេច ចេញពីទីកន្លែងធ្វើចត្តាឡីស័ក អំពើគេចវេះពីការធ្វើចាត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចាត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលបើអំពើខាងលើនេះ បណ្តាលឱ្យមានការ ចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

សេចក្តីព្រាងច្បាប់នេះនឹងក្លាយជា យន្តការមួយដ៏សំខាន់ក្នុងការកំណត់ អំពីវិធានការសុខាភិបាលវិធានការ រដ្ឋបាលនិងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិត ប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងជំងឺ នេះចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

To Top