ភ្នំពេញ៖ លោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ ២០២១ បានមកអញ្ជើញទទួលការចាក់វ៉ាក់សាំង ការបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់មិត្តដែកថែបចិន ជាលើកទី២ នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

ដំណើរមកចាក់វ៉ាក់សាំងលើកទី២ លោក សយ សុភាព ចាប់បានលេខរៀងទី១ រីឯលេខ២ គឺ លោក សយ សុភា ជានិពន្ធនាយក និងជាប្អូនប្រុសបង្កើតរបស់លោក។

លោក សយ សុភាព បានមានប្រសាសន៍ថា ការមកចាក់វ៉ាក់សាំងនេះ ធ្វើឡើងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំណាមួយនោះទេ។ លោកសំណូមពរ និងអំពាវនាវ ឲ្យប្រជាពលរដ្ឋ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីចូលរួមចំណែកទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជា។

លោក បានបន្តថា “ការមកចាក់វ៉ាក់សាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ នៅក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ហើយមិនតែប៉ុណ្ណោះ វិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំ និង ៣ការពារ នៅតែបន្តអនុវត្ត ជាដរាប បើទោះបីជាបានទទួលការចាក់វ៉ាក់សាំង យ៉ាងណាក្តី”។

លោក សយ សុភាព បានមកទទួលការចាក់វ៉ាក់លើកទី១ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេសចិន បានផ្តល់នូវជំនួយថ្នាំវ៉ាក់សាំង ស៊ីណូហ្វាម ចំនួន ១លានដូស ដែលបានមកដល់ប្រទេសកម្ពុជាចំនួន៦០ម៉ឺនដូស កាលពីថ្ងៃទី ០៧ ខែកុម្ភៈឆ្នាំ ២០២១ ៕




