ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំឲ្យគ្រឹះស្ថាន ត្រូវចែកចាយឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យ ដែលមានលេខទិដ្ឋាការ ឬចុះបញ្ជីកាត្រឹមត្រូវ ទៅឲ្យឱសថស្ថាន ដែលមានច្បាប់អនុញ្ញាតប៉ុណ្ណោះ ។
តាមលិខិត របស់ក្រសួងសុខាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «គ្រឹះស្ថានត្រូវចែកចាយឱសថផលិត ផលបំប៉នសុខភាព និងឧបករណ៍ បរិក្ខារពេទ្យ ដែលមានលេខទិដ្ឋាការ ឬបញ្ជីកា ដោយមានបិទលតាបត្រត្រឹមត្រូវ តាមការណែនាំរបស់ក្រសួង សុខាភិបាល ទៅឲ្យឱសថស្ថាន ដែលមានច្បាប់ អនុញ្ញាតតែប៉ុណ្ណោះ»។
ក្រសួងបន្ដថា គ្រឹះស្ថានមិនត្រូវផ្សព្វផ្សាយឱសថ ផលិតផលបំប៉នសុខភាព និង ឧបករណ៍បរិក្ខារពេទ្យ តាមគ្រប់រូបភាព ដោយគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល ។ គ្រឹះស្ថានមិនត្រូវផ្សព្វផ្សាយ លក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យ តាមបណ្តាញ អនឡាញ ឬបណ្តាញណែតវើកគ្រប់ប្រភេទ ។ ការលក់ឱសថ ផលិតផលបំប៉ន សុខភាព និងឧបករណ៍បរិក្ខារពេទ្យដល់អតិថិជន សម្រាប់ប្រើប្រាស់អាច ប្រព្រឹត្តទៅបានតែនៅក្នុងឱសថស្ថាន ឱសថស្ថានរងតែប៉ុណ្ណោះ ។
ជាងនេះទៅទៀត ក្រសួងសុខាភិបាល ក៏បានឲ្យអភិបាលរាជធានី-ខេត្ត នាំដល់ប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្ត ផ្សព្វផ្សាយ និងណែនាំឲ្យបានទូលំទូលាយដល់ឱសថស្ថាន ឱសថស្ថានរង ផ្សារទំនើប និង ទីតាំងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារព្យគ្មានច្បាប់ទាំងអស់ និង ត្រូវចាត់វិធានការ ឲ្យបានតឹងរ៉ឹងតាមច្បាប់ ចំពោះទីតាំងទាំងឡាយណា ដែលនៅតែបន្តលក់ផលិតផល ខាងលើ ដោយគ្មានច្បាប់ អនុញ្ញាត ។
ក្រសួងបន្ថែមថា ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ ថវិក្ខារពេទ្យ និងគ្រឿងសំអាងត្រូវ សហការជាមួយភ្នាក់ងារ ត្រួតពិនិត្យឱសថ របស់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ឬអាជ្ញាធរ មានសមត្ថកិច្ច ដើម្បីចុះអនុវត្ត តាមសេចក្តីណែនាំឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្រសួង នឹងចាត់វិធានការណ៍តឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានទាំងឡាយណាដែលមិនអនុវត្តតាមសេចក្តីណែនាំនេះ ៕