ព័ត៌មានជាតិ

ឃាត់ខ្លួន ជនជាតិចិន៤នាក់ ពាក់ព័ន្ធករណីប្លន់ លើជនជាតិចិនដូចគ្នា

ភ្នំពេញ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ កងកម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យ៤នាក់ ដែលជាជនជាតិចិន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ទៅលើជនជាតិដូចគ្នា ។ នេះបើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោកឧត្តមសេនីយ៍ទោស្នងការបានឲ្យដឹងថា កាលពីថ្ងៃ៧ មីនា នៅវេលាម៉ោង១៧និង៤០នាទី មានប្រជាពលរដ្ឋ រាយការណ៍ថា នៅមុខសណ្ឋាគារមួយកន្លែង ក្រុមទី១ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ បានឃើញជនជាតិចិន ២នាក់ ចុះពីរថយន្ត០១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BM-9108 ធ្វើសកម្មភាពវាយទៅលើជនជាតិចិនម្នាក់ទៀត និងចាប់ផ្តួលជនរងគ្រោះទៅលើដី ប្លន់យកលុយមួយចំនួន រួចរត់ឡើងរថយន្ត របស់ពួកវាជិះគេចខ្លួនបាត់។

លោកបន្តថា បន្ទាប់ពីទទួលបានដំណឹងនេះ ភ្លាមលោកបានបញ្ជាកម្លាំងជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌ ចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង១៩និង៣០នាទី កម្លាំងសមត្ថកិច្ច ដែលប្រចាំការនៅកន្លែងចត្តាឡីស័ក គោលដៅផ្សារដំរី៥ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បានប្រទះឃើញរថយន្តខាងលើ កំពុងចាប់ជនជាតិចិនម្នាក់ទៀត ភេទប្រុស ចេញពីរថយន្តរបស់ពួកវា ដាក់ចូលក្នុង រថយន្ត១គ្រឿងទៀត ពណ៌ស ប្រភេទ PICK UP (មិនស្គាល់ម៉ាក) ក៏បានទៅអន្តរាគមនម៍ រំដោះបានជនរងគ្រោះ ។ រីឯជនសង្ស័យបាន ជិះរថយន្តគេចខ្លួន ភ្លាមនោះកម្លាំងសមត្ថកិច្ច បានប្រកាសតាមវិទ្យុទាក់ទង ឲ្យកម្លាំងជួយស្ទាក់ចាប់រថយន្តខាងលើ។

ស្នងការនគរបាលខេត្តព្រះសីហនុ បានបន្ថែមទៀតថា ដោយមានការចូលរួមសហការពីម្ចាស់រថយន្តជាជនជាតិខ្មែរបានផ្តល់នូវប្រព័ន្ធ GPS កម្លាំងសមត្ថកិច្ចបានដេញប្រផាត់ចាប់ប្រភីង ប្រើរយៈពេលជិតមួយម៉ោងពោលនៅវេលាម៉ោង២០ និង២០នាទី ទើបស្ទាក់ចាប់បានជនសង្ស័យ៤នាក់ ជាជនជាតិចិន និងរថយន្ត១គ្រឿង ម៉ាកLAND CRUISER ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BM-9108 នៅផ្លូវចំណោទរ៉ា ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះទី១-ឈ្មោះ ZHANG JINFANG ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅក្រុម១ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។ សម្ភារបាត់បង់៖ លុយ៣,៤០០ដុល្លារ។ រងរបួស ដាច់រលាត់កែងដៃទាំងសងខាង , រលាត់ខ្នងដៃខាងឆ្វេង និងរលាត់សៀតថ្កាខាងឆ្វេង។

ជនរងគ្រោះទី២-ឈ្មោះ MIN SHUAI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរអ្នកណែនាំភ្ញៀវម៉ាស្សា លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ (គ្មានរបួស)។
ជនសង្ស័យទាំង៤នាក់ ៖ ទី១-ឈ្មោះ CUI YINZHE ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញ កាស៊ីណូតុងយៀន លិខិតឆ្លងដែនលេខៈ G61504867 មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ ទី២-ឈ្មោះ LIU DONG JIANG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរកម្មករលើកទឹក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ទី៣-ឈ្មោះ LI JINGWEN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅភូមិ២ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ និងទី៤-ឈ្មោះ ZHOU FEILONG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅភូមិ២ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ៤គ្រឿង, រថយន្ត១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 2BM-9108។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានដើម្បីសាកសួរចម្លើយ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

To Top