រយៈពេលជាង ១ឆ្នាំហើយ គិតមកដល់ឆ្នាំ២០២១ នេះ ដែលជម្ងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែង ដល់អាយុជីវិតពលរដ្ឋ នៅទូទាំងពិភពលោក បើទោះបីពេលនេះវ៉ាក់សាំង ចាក់ការពារត្រូវបានរកឃើញ ហើយនៅបណ្តា ប្រទេសមួយចំនួន បាននឹងកំពុង ចាក់ជូនពលរដ្ឋរបស់ខ្លួន ជាបន្តបន្ទាប់ទៅហើយ យ៉ាងណាក៏ដោយ ប៉ុន្តែដើម្បីធានាបាន នូវសុខភាពរឹងមាំ រួចផុតនៃការឆ្លងនូវជម្ងឺ ដ៏កាចសាហាវមួយនេះ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវ ដល់ពលរដ្ ឋរបស់ប្រទេសទាំងឡាយ ឲ្យអនុវត្តនូវវិធានអនាម័យ ដ៏ខ្ជាប់ខ្ជួនថែមទៀត ។

ក្នុងនោះ និយាយដោយឡែក នៅព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃបំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាល បានដាក់ចេញ នូវផែនការម៉ត់ចត់ ក្នុងការទប់ស្កាត់ នូវការរីករាលដាល នៃជម្ងឺកូវីដ-១៩ តាមរយៈវិធានសុខាភិបាល ពិសេសអំពាវនាវ ឲ្យពលរដ្ឋអនុវត្តនូវវិធាន ៣ការពារ និង ៣កុំ ជាចាំបាច់ជាប់ជានិច្ច ។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់មន្ត្រី បុគ្គលិក ក្រោមឱវាទទាំងអស់ ការពារខ្លួន រក្សាគម្លាតពីគ្នា ក្នុងការបំពេញការងារ ជូនសមាជិករបស់ខ្លួន ប្រកបដោយភាព ទទួលខុសត្រូវខ្ពស់ ជាមួយនិងវិធាន ៣ការពារ និង ៣កុំ ធ្វើយ៉ាងណាចូលរួម ទប់ស្កាត់នៃការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងទាន់ពេលវេលា ក្នុងការផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស. ។
កម្មការិនីម្នាក់ ក្នុងចំណោមកម្មការិនី ជាច្រើនទៀត លោកស្រី ឈឹម សុវណ្ឌី បម្រើការងារនៅក្នុង ក្រុមហ៊ុនឯកជនមួយកន្លែង ដែលមកទទួលសេវានៅ ប.ស.ស. បានសម្តែងនូវអារម្មណ៍ពិតរបស់ខ្លួនថា “ ដំបូងឡើយលោកស្រីស្ទាក់ស្ទើរ និងមិនចង់ហ៊ានមក ទទួលសេវានោះទេ តែដោយសារ ប.ស.ស. បានរៀបចំឱ្យមាននូវ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងគ្រប់គ្នាដែលចូលមកទទួលសេវា គឺតម្រូវឱ្យចូលក្នុងប្រអប់វាស់កម្តៅ បាញ់អាល់កុល និងពាក់ម៉ាសជាដើមផងនោះ ធ្វើឱ្យរូបលោកស្រីផ្ទាល់ មានអារម្មណ៍ថា កក់ក្តៅក្នុងការទទួលសេវា ។

គ្រាន់តែក្នុងខែកុម្ភៈកន្លងទៅនេះ (គិតចាប់ពីថ្ងៃទី០១ ដល់ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) ទឹកប្រាក់សរុបប្រមាណជាង ១.៩ពាន់លានរៀល របស់រាជរដ្ឋាភិបាលកម្ពុជា បានបើកផ្តល់ជូនស្រ្តី សម្រាលកូនជាសមាជិក ប.ស.ស. សរុបចំនួន ៤ ៨៨០នាក់ នេះបើយោងតាម របាយការណ៍របស់ការិយាល័យ តាវកាលិក នៃ ប.ស.ស. ។
គួររំលឹកដែរថា សម្រាប់កម្មការិនីទាំងអស់ ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកដល់ខែសម្រាលកូន នឹងទទួលបានការឈប់សម្រាក ពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត ៕





