Covid-19

សម្ដេចតេជោ បញ្ជាក់ជាថ្មីថា អភិបាលរាជធានី-ខេត្ត មានភារកិច្ចបិទឬបើក ទីតាំងណាមួយ ក្រោយរកឃើញជំងឺកូវីដ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់សារជាថ្មីឲ្យអភិបាលរាជធានី-ខេត្ត គឺមានភារកិច្ចគ្រប់គ្រាន់សម្រាប់ បិទ ឬ បើកនៅទីតាំងណាមួយ ក្រោយរកឃើញជំងឺកូវីដ១៩។

តាមរយៈសារសំឡេងជាង៧នាទី នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងឲ្យដឹងថា «ខ្ញុំសូមបញ្ជាក់សារជាថ្មី ដើម្បីឲ្យយកការទទួលខុសត្រូវនោះ គឺការសម្រេចបិទ ឬបើក គឺស្ថិតនៅលើតួនាទីអភិបាលរាជធានី-ខេត្ត។ ខ្ញុំលើកក្នុងករណីដែលមានការបិទ តេស្ដលើកទី១ មានវិជ្ជមានយើងបិទ ។ តេស្ដបន្ដគឺអវិជ្ជមាន យើងត្រូវបើកឲ្យគេ ដោយមិនចាំបាច់រងចាំ ពិគ្រោះយោបល់អ្វីថែមទៀតទេ បើមិនដូច្នេះយើងកំពុងស្ថិតក្នុងស្ថានភាព (មើលតែដើមឈើ កុំគិតមើលព្រៃ) ហើយអាចបង្កើនហានិភ័យ គ្រោះថ្នាក់ដល់សេដ្ឋកិច្ចផងដែរ»។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើទៅដល់អភិបាលរាជធានី-ខេត្ត នៅពេលរកឃើញកន្លែងណាមានឆ្លងកូវីដ-១៩ ត្រូវបិទទីតាំងនោះ ជាបណ្ដោះអាសន្ន ហើយត្រូវយកសំណាក់ធ្វើការពិនិត្យ បន្ទាប់មកទៀតដល់ពេលវេលាកំណត់ ១៤ថ្ងៃ ត្រូវធ្វើតេស្ដសារជាថ្មី ក្នុងករណីអវិជ្ជមានកូវីដ-១៩ ត្រូវបើកទីតាំងនោះដំណើរការឡើងវិញ ទាំងផ្ទះសម្ដែង និងអាជីវកម្មជាដើម ប៉ុន្ដែបើបន្ដរកឃើញវិជ្ជមានកូវីដ-១៩ គឺត្រូវបិទបន្ដ ដើម្បីចៀសវាងក្នុងបិទគ្មានទីបញ្ចប់។

សម្ដេចតេជោ ក៏បានណែនាំឲ្យ អភិបាលរាជធានី-ខេត្ត ត្រូវយកស្ដង់ដាមួយយ៉ាងពិតប្រាកដ គឺមានភារកិច្ច «បិទ ឬបើក» មិនមែនក្រសួងសុខាភិបាលទេ ប៉ុន្ដែក្រសួងសុខាភិបាលត្រូវផ្ដល់ព័ត៌មានទាំងនេះទៅឲ្យរាជធានី-ខេត្ត ។ ចំណែក អភិបាលរាជធានី-ខេត្ត មានភារកិច្ច «បិទ និងបើក» ទៅតាមគោលការណ៍បានកំណត់។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃ ៩មីនា រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យទីតាំងចំនួន ២៣កន្លែង ជាប់ព័ន្ធអ្នកជំងឺកូវីដ១៩ បើកដំណើរការឡើងវិញផងដែរ។ គិតត្រឹមថ្ងៃ៩ មីនា នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១០៦០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៥៣៨នាក់ និងអ្នកជំងឺសម្រាកព្យាបាល ចំនួន៥២១នាក់ ៕

To Top