ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ នឹងអ្នកលក់សំលៀកបំពាក់ ក្នុងផ្សារបាត់ដឹងក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺថា មានស្ត្រីម្នាក់ជាអាជីវករដែល មានវិជ្ជមានជំងឺកូវីដ១៩ ហើយបច្ចុប្បន្នបាននិងកំពុង សម្រាកព្យាបាលនៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ។
រដ្ឋបាលខេត្តកំពង់ស្ពឺបញ្ជាក់ថាកាលពីថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ចន្លោះវេលាម៉ោង១៣:០០ ដល់ម៉ោង ១៦:០០រសៀល អាជីវករខាងលើ បានយកសំលៀកបំពាក់មកលក់នៅក្នុងផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការបិទតូបលក់ដូរសំលៀកបំពាក់ក្នុងផ្សារបាត់ដឹងចំនួន ១២តូប ជាបណ្តោះអាសន្ន ហើយក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ បានចុះយកសំណាកអាជីវករចំនួន ២៥នាក់ (១៧នាក់ រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង៨នាក់ រស់នៅខេត្តកណ្តាល ស្រុកពញាឮ ៣នាក់និងស្រុកអង្គស្នួល៥នាក់)និងបានរៀបចំបញ្ជូនពួកគាត់មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីធ្វើការតាមដានសុខភាពជាបន្តផងដែរ៕