ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារាត្រីថ្ងៃ៩ មីនានេះ បានសម្រេចផ្អាកការធ្វើដំណើរ ចេញចូលជាបណ្តោះអាសន្ន ក្នុងភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។

ការផ្អាកនេះដើម្បីគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ១៩ ក្រោយប្រជាពលរដ្ឋរស់នៅស្រុកល្វាឯម ចំនួន៩នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយលទ្ធផលតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មានវិជ្ជមានជំងឺកូវីដ-១៩ ។

ក្នុងនោះលោកអភិបាលខេត្ត ក៏បានចាត់វិធានការឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនយន្តការគ្រប់គ្រងសភាពការណ៍ ខិតខំប្រឹងប្រែងស្រាវជ្រាវ ស្វែងរកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយពួកគាត់បន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគ និងដាក់ឲ្យធ្វើចត្តាឡីស័ក ស្ថិតនៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។

ចំពោះអ្នកជម្ងឺកូវីដ-១៩ ទាំង៩នាក់ លោកថា ត្រូវបានក្រុមគ្រូពេទ្យនាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ភ្លាមៗរួចហើយ៕
