ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី៦ បានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាធានី-ខេត្ត ត្រូវម្ចាស់ការផ្សព្វផ្សាយ អស់ពីលទ្ធភាព តាមដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់តាំង អនុវត្តឲ្យ បានជាក់ស្តែង តាមស្មារតីនៃផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀ នខុសច្បាប់លើកទី៦។
យោងតាមលិខិត របស់សម្តេចក្រឡាហោ ស ខេង នាពេលថ្មីៗនេះ បានឲ្យដឹងថា ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី៦ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចុះហត្ថលេខា និងដាក់ឲ្យអនុវត្ត កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
សម្ដេចបញ្ជាក់ថា «ដោយសារស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិជំងឺសកលកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ ក្នុងនាមប្រធាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៦ ខ្ញុំស្នើសុំសម្តេចឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ម្ចាស់ការផ្សព្វផ្សាយឲ្យអស់ពីលទ្ធភាព តាមដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់តាំង អនុវត្តឲ្យបានជាក់ស្តែង តាមស្មារតីនៃផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៦ នៅតាមក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងនៅថ្នាក់រដ្ឋបាលរាជធានី-ខេត្ត ដោយគោរព ឲ្យបាន ខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល»។
សម្ដេចបន្ដថា លេខាធិការដ្ឋាន នៃយុទ្ធនាការ នឹងផ្តល់ជូនគ្រប់ក្រសួងស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត នូវរបាយការណ៍បូក សរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី៥ និងផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៦ ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការផ្សព្វផ្សាយ និងចាត់តាំងអនុវត្ត ៕