ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. បានទទួលចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ​ដោយស្ម័គ្រចិត្ត រួចរាល់ហើយ នាថ្ងៃទី១០នេះ

ភ្នំពេញ៖​ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានទទួលចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ Astra Zeneca “COVISHIELD”  រួចរាល់ហើយ ។

នេះគឺជាការស្ម័គ្រចិត្ត ក្នុងការទទួលចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ដើម្បីសុខភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និង ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

បន្ទាប់ពីទទួលចាក់វ៉ាក់សាំង បានរួចរាល់លោក អ៊ុក សមវិទ្យា​ បានថ្លែងថា “ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំ នៃកម្ពុជា ដែលសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត អំពីសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត”​ ។

លោកបានបន្តថា “ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតទាំងអស់ បន្តការយកចិត្តទុកដាក់ ថែរក្សាសុខភាព  តាមវិធានសុខាភិបាល អនាម័យ ការពារខ្លួន រក្សាគម្លាតពីគ្នាជាមួយនឹងវិធាន ៣ការពារ និង ៣កុំ ជាប់ជានិច្ច ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នា ជាមួយនឹងជំងឺកូវីដ-១៩” ។ 

ឆ្លៀតក្នុងឱកាសនេះលោកអគ្គនាយក ប.ស.ស. ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់  មានសុខភាពល្អ សំណាងល្អ ចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះផងដែរ ៕

To Top