ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីនៅរាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខណ្ឌចុះបិទ ទីតាំងខារ៉ាអូខេនិងបារ ៣កន្លែងផ្សេងគ្នា ដែលបានលួចលាក់បើកខុសច្បាប់ ដោយបានច្រៀងខារ៉ាអូខេ និងផឹកស៊ីយ៉ាងអាណាធិបតេយ្យ ផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងនោះក៏បានឃាត់ខ្លួនមនុស្សប្រុស-ស្រី ជាច្រើននាក់ផងដែរ ។

ទីតាំងទាំងនោះ គឺភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេស្ថិតនៅ តាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ។ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមេការ៣នាក់ មានបុរសជនជាតិចិនម្នាក់ ព្រមទាំងស្រីការ៉ាអូខេជាង ១០នាក់ បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ការលួចលាក់បង្កប់ការច្រៀងខារ៉ាអូខេ ក្នុងទីតាំងភោជនីយដ្ឋានខាងលើ គឺជាទង្វើផ្ទុយពីសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

បន្តមកទៀតលោកអភិបាលរាជធានី បានចុះបិទបារបារាំងនៅតាមបណ្ដោយផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ និងបន្តចុះបិទភោជនីយដ្ឋានឈ្មោះ អាត់ជួងស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យបានលួចលាក់បើកខារ៉ាអូខេផ្ទុ។

ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានឲ្យអភិបាលខណ្ឌ ៧មករា និងអភិបាលខណ្ឌដូនពេញធ្វើលិខិត ជាលាយលក្ខណ៍អក្សរ បិទទីតាំងទាំងនេះជាផ្លូវការ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕










