ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ បានប្រកាសឲ្យពលករ-ពលការិនី និងពលរដ្ឋខ្មែរដែលស្នាក់នៅ និងបម្រើការងារ នៅប្រទេសកូរ៉េទាំងអស់ ទៅពិនិត្យរកមេរោគកូវីដ-១៩ ដោយឥតគិតថ្លៃ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា «បងប្អូនពលករ-ពលការិនី និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េទាំងអស់ មេត្តាជ្រាបថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ការពិនិត្យរកមេរោគកូវីដ-១៩ ជូនដល់ជនបរទេស ជាពិសេស ពលករទាំងអស់ដោយមិនគិតថ្លៃ»។
ស្ថានទូត បន្ដថា ដោយឡែកពលករខុសច្បាប់ ក៏ត្រូវបានលើកទឹកចិត្តឲ្យទៅពិនិត្យរកមេរោគកូវីដ-១៩ ដោយមិនមានការសួររកពីអត្តសញ្ញាណរបស់ពលករខុសច្បាប់ទេ ដូច្នេះ ពលករ-ពលការិនី និងពលរដ្ឋខ្មែរទាំងអស់អញ្ជើញទៅពិនិត្យរកមេរោគកូវីដ-១៩ ដើម្បីរួមគ្នាលុបចំបាត់មេរោគនេះទាំងអស់គ្នា៕