ព័ត៌មានជាតិ

អ៊ីរ៉ង់ ច្រានចោលរបាយការណ៍ សិទ្ធិមនុស្សយូអិន និងអះអាងថា ជារបាយការណ៍មិនយុត្ដិធម៌

តេអេរ៉ង់៖ អ្នកតំណាងអចិន្រ្តៃយ៍របស់អ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងហ្សឺណែវបានលើកឡើងថា របាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សរបស់អ៊ីរ៉ង់គឺអយុត្តិធម៌ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Esmaeil Baghaei Hamaneh បានធ្វើការកត់សម្គាល់ ដោយយោងទៅលើរបាយការណ៍ថ្មីៗ ដែលបានបង្ហាញដោយ លោក Javaid Rehman អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅអ៊ីរ៉ង់។

នៅក្នុងរបាយការណ៍នោះលោក Rehman បានលើកឡើងថា ស្ត្រី និងក្មេងស្រី “បន្តត្រូវបានគេចាត់ទុកជាពលរដ្ឋ លំដាប់ទីពីរនៅក្នុងប្រទេសអ៊ីរ៉ង់”

ដោយបដិសេធការចោទប្រកាន់របស់លោក Rehman លោក Hamaneh ត្រូវបានគេដកស្រង់សម្ដីដោយលើកឡើងថា “នៅក្នុងប្រទេសអ៊ីរ៉ង់ សព្វថ្ងៃនេះស្ត្រី មានមុខតំណែងគ្រប់គ្រង ៥០ ភាគរយនៅក្នុងក្រសួងសុខាភិបាល ៧៣ ភាគរយនៃអ្នកជំនាញសុខភាព និង ៤៩ ភាគរយនៃគ្រូពេទ្យ គឺជាស្ត្រី”។

លោក Hamaneh បានបន្ថែមថា“ ជិត ៥០ ភាគរយនៃនិស្សិតបញ្ចប់ការសិក្សានៅឧត្តមសិក្សាគឺជាស្ត្រី ហើយ ៣១ ភាគរយនៃនិយោជិក គឺជាស្ត្រីដែលមានការអប់រំខ្ពស់” ។

លោក Hamaneh ក៏បានកត់សម្គាល់ផងដែរថា ការតែងតាំងអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅអ៊ីរ៉ង់គឺ “មិនយុត្តិធម៌” និង“ ខ្វះមូលដ្ឋានសមស្របណាមួយ”៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top