ព័ត៌មានជាតិ

អាល្លឺម៉ង់ ផ្តល់ថវិកាចំនួន ៤,៨ លានអឺរ៉ូប ន្ថែមទៀត សម្រាប់ការឆ្លើយតប ទៅនឹងកូវីដ-១៩នៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១១ មីនានេះ ប្រទេសអាល្លឺម៉ង់ បានសន្យា ផ្តល់ថវិកាចំនួន៤,៨លានអឺរ៉ូបន្ថែមទៀត ដើម្បីគាំទ្រដល់ការឆ្លើយតប ទៅនឹងកូវីដ-១៩ របស់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានបញ្ជាក់ថា ថវិកាបន្ថែមនេះ នឹងត្រូវអនុវត្ត ដោយកម្មវិធីចំនួនបីផ្សេងគ្នា នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អាល្លឺម៉ង់ រហូតដល់ដំណាច់ឆ្នាំ ២០២១ ៖

  • ១,៨លានអឺរ៉ូ ដើម្បីបង្កើនសមត្ថភាព របស់រដ្ឋាភិបាលកម្ពុជា ក្នុងការឃ្លាំមើលការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជាឲកាន់ តែប្រសើរឡើង ៖ ដើម្បីពង្រឹងបណ្តាញមន្ទីរពិសោធន៍ជាតិ គាំទ្រដល់សមត្ថភាព តាមដាន និងលើកកម្ពស់ ការយល់ដឹង អំពីជំងឺកូវីដ-១៩ជាមួយយុទ្ធនាការផ្សព្វផ្សាយ ព័ត៌មាន ។
  • មួយលានអឺរ៉ូ ដើម្បីធ្វើអោយ មានភាពប្រសើរឡើង សម្រាប់ស្ថានភាពចំណូល នៃពលករចំណាកស្រុក ដែលត្រឡប់មកកម្ពុជាវិញ និងកំពុងគ្មានការងារធ្វើ៖ អនុវត្តផែនការណ៍ cash-for-work និងការបណ្តុះបណ្តាល ក៏ដូចជាការផ្គត់ផ្គង់ សម្រាប់កសិកម្មខ្នាតតូច និងការចិញ្ចឹមសត្វ នៅខេត្តភាគពាយព្យឆ្ពោះ ទៅព្រំដែនថៃ។
  • ពីរលានអឺរ៉ូ ដើម្បីពង្រឹង ការកំណត់ អត្តសញ្ញាណ តាមការស្នើសុំថ្មី ដែលចាំបាច់ ក្នុងការកំណត់អត្តសញ្ញាណ ប្រជាជនដែលធ្លាក់ចូលក្នុង ភាពក្រីក្រ ដោយសារជំងឺរាតត្បាត៖ ផ្តល់យោបល់ដល់ក្រសួងផែនការ ក្នុងការកែទម្រង់ និងសម្របយន្ដការ អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ បង្កើតប្រព័ន្ធគ្រប់គ្រង នៃការទទួលយោបល់ និងមតិលើការងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) អនុវត្តយុទ្ធនាការ ផ្សព្វផ្សាយ ដល់គ្រួសារក្រីក្រ ដែលជាគោលដៅ អោយកាន់ តែច្រើន ពង្រីកប្រព័ន្ធ ព័ត៌មានវិទ្យា ដើម្បីធានា បាននូវការផ្លាស់ប្តូរព័ត៌មាន និងការគ្រប់ គ្រង ទិន្នន័យរួម និងផ្តល់យោបល់ ដល់រដ្ឋាភិបាល ស្តីពីការដាក់បញ្ចូល ប្រជាជន ដែលអាចធ្លាក់ ចូលក្នុងភាពក្រីក្រ និងងាយរងគ្រោះទៅ ក្នុងការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ (IDPoor) ។

សូមរំលឹកថា គិតមកដល់ ថ្ងៃនេះ ប្រទេសអាល្លឺម៉ង់ បានគាំទ្រការឆ្លើយតប ទៅនឹងកូវីដ-១៩ របស់ប្រទេសកម្ពុជា ជាមួយទឹកប្រាក់ជាង១៧លានដុល្លារ ជាចំនួនបន្ថែមពីលើការងារ សហប្រតិបត្តិការអភិវឌ្ឍន៍ ដែលកំពុងដំណើរការកន្លងមក ។ អាល្លឺម៉ង់ក៏មានការប្តេជ្ញាគាំទ្រ ការឆ្លើយតបជាពហុភាគី ចំពោះកូវីដ-១៩ ហើយបានបំពេញការសន្យា របស់ខ្លួនចំពោះ COVAXដែលជាគំនិតផ្តួចផ្តើមអោយមានការចាក់វ៉ាក់សាំងជាសកល។ ទឹកប្រាក់ចំនួន១ ដុល្លារ ក្នុងរាល់ការចំនាយអស់ ៥ ដុល្លាររបស់ COVAX គឺជាថវិការដែលបានចូលរួមចំណែកពីអាល្លឺម៉ង់។ ទឹកប្រាក់ចំនួន១ ដុល្លារ ក្នុងរាល់ការចំនាយ អស់ ៣ ដុល្លារ របស់ COVAX គឺជាថវិការ ដែលបានចូលរួមចំណែក ពីសហគមន៍អ៊ឺរ៉ុប និង ប្រទេសជាសមាជិករបស់ខ្លួន ៕

To Top