ភ្នំពេញ ៖ ក្នុងឱកាសខួប១០ឆ្នាំ នៃគ្រោះមហន្ដរាយ រញ្ជួយដី នៅជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ថ្លែងអំណរគុណ ចំពោះប្រទេសកម្ពុជា និងពិភពលោក បានរួមចំណែក ជួយជប៉ុន ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ថា «ថ្ងៃទី១១ មីនា នេះ គឺជាថ្ងៃគម្រប់ខួប១០ឆ្នាំ នៃគ្រោះមហន្តរាយ រញ្ជួយដី ភាគខាងកើត ប្រទេសជប៉ុន ដែលបានឆក់យកអាយុជីវិត ប្រជាជនជាច្រើននាក់»។
លោកបន្ដថា «ខ្ញុំសូមចូលរួមរំលែកទុក្ខ ចំពោះប្រជាជន និងក្រុមគ្រួសារជនរងគ្រោះ ។ ជាក់ស្តែងពេលនោះ ខ្ញុំបានស្ថិត នៅទីក្រុងតូក្យូ ហើយបានចង ចាំមិនភ្លេច នូវវិបត្តិនេះ។ ទោះបីជា ស្ថិតក្នុងការព្យាយាម បន្តស្តារឡើងវិញ យ៉ាងណាក្តី សេដ្ឋកិច្ច និងការរស់នៅ របស់ប្រជាជន ក្នុងប្រទេសជប៉ុន ត្រូវបានបោះជំហាន ទៅមុខបន្តិចម្តងៗ ដោយមានការចូលរួមគាំទ្រពី ទូទាំងពិភពលោក ក្នុងនោះ ក៏មានប្រទេសកម្ពុជា ផងដែរ ដែលយើងខ្ញុំ មិនដែលបំភ្លេចនូវ ទឹកចិត្តដ៏ថ្លៃថ្លានេះ»។
លោកបន្ដថាទន្ទឹម នឹងសារ របស់រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន លោកថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ចំពោះរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា ព្រមទាំង ប្រជាជនកម្ពុជាគ្រប់រូប ដែលបានជួយដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន នាពេលនោះ៕