ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំវិធានការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសចក្ដីណែនាំស្ដីពី វិធានការប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

ខ្លឹមសារណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន មានចំនួន៥ចំណុច៖
ទី១-អនុញ្ញាតឲ្យគ្រប់អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំឲ្យមានការផ្លាស់វេនមន្ត្រីប្រចាំការ ក្នុងអង្គភាពនីមួយៗ ដោយត្រូវធានារក្សានិន្តរភាព ការងារប្រចាំថ្ងៃ។

ទី២-ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារជំងឺកូវីដ-១៩ ៣ការពារ និង៣កុំ ពាក់ម៉ាស់ លាងដៃ ឬបាញ់អាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឲ្យបានគ្រប់គ្នាគ្រប់ទីកន្លែង និងកុំនៅកន្លែងសាធារណៈបិទជិតគ្មានខ្យល់ចេញចូល កុំជួបជុំមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំឱបថើបគ្នា ជាដើម។

ទី៣-ត្រូវផ្អាកជាបណ្តោះអាសន្ន នូវការរៀបចំកិច្ចប្រជុំ ការប្រារព្ធពិធី ការជួបសំណេះសំណាលនានា លើកលែងតែមានករណីចាំបាច់ ឬមានបទបញ្ជា។

ទី៤-ត្រូវតាមដាន ត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។ សម្រាប់កងកម្លាំងដែលមានអាការៈ ក្តៅខ្លួន ក្អក ផ្តាសាយ ឬមានការសង្ស័យណាមួយ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពុំចាំបាច់មកបំពេញការងារនោះទេ និងត្រូវរាយការណ៍ទៅអង្គភាពរបស់ខ្លួន ហើយត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ។

និងទី៥-ផ្អាកការអនុញ្ញាតចេញ-ចូលបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ជាបណ្ដោះអាសន្ន ចំពោះប្រជាពលរដ្ឋ ឬបុគ្គលដែលពុំមានភារកិច្ច ចាប់ពីពេលនេះ រហូតដល់មានការណែនាំថ្មី៕

To Top