ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវអនុវត្តច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។
តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១សម្ដេច ហេង សំរិន បានផ្ដាំផ្ញើទៅជនរួមជាតិ ឲ្យចូលរួមគោរពច្បាប់កូវីដ-១៩ ទាំងអស់គ្នា ដើម្បីទប់ស្កាត់ការ រីករាលរាលនៃជំងឺកូវីដ-១៩។
សម្ដេច មានប្រសាសន៍ថា «ប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នាពេលនេះ ច្បាប់ស្តីពី វិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត ត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រម កាលពីថ្ងៃទី១១ មីនា កន្លងទៅថ្មីៗនេះ។ ដូច្នេះសូមបងប្អូនជនរួមជាតិ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកម្ពុជាយើងក៏ដូចជាសកលលោក កំពុងប្រឈមនាពេលបច្ចុប្បន្ននេះ»។
សម្ដេចបន្ដថាការចូលរួមគោរពច្បាប់ អនុវត្តនូវរាល់វិធានការសុខាភិបាល ដែលរាជរដ្ឋាភិបាលដាក់ចេញ ដូចជា ការធ្វើអនាម័យ ការពាក់ម៉ាស ការក្សាគម្លាតសុវត្ថិភាពសង្គម ការយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក ការដាក់ឱ្យដាច់ដោយឡែក ដើម្បីទទួលការព្យាបាល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើមនោះ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ដែលជាប្រជាពលរដ្ឋល្អត្រូវធ្វើ ដើម្បីផលប្រយោជន៍រួមផ្ទាល់ ក៏ដូចជា សង្គមជាតិ។
សម្ដេច ហេង សំរិន ក៏បានបន្ថែមថា ការចូលរួមគោរពច្បាប់ឱ្យបានពេញលេញ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាការថែរក្សាសុខុមាលភាពសង្គមជាតិ ឱ្យចៀសផុតពីគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដែលបង្កឡើងពីមេរោគដ៏កាសសាហាវ នេះ។ សម្ដេចថា ការដែលមិនចូលរួមគោរពអនុវត្តច្បាប់ ប្រៀបដូចបានបំផ្លាញសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិ ហើយនឹងត្រូវទទួលរងការពិន័យ និងផ្តន្ទាទោសតាមច្បាប់ ដែលមានជាធរមានទៀតផង ៕