ភ្នំពេញ៖ ក្រោយពីដឹងថា មានបុរសម្នាក់មានផ្ទុកកូវីដ១៩ បានទៅចូលរួមមង្គលការនៅស្រុកឈូក ក្នុងទឹកដីខេត្តកំពតនាថ្ងៃ១៤ មីនា នោះ នៅថ្ងៃ១៥ មីនា អាជ្ញាធរខេត្តនេះ បានប្រកាសជូនដំណឹង ឲ្យផ្អាករាល់កម្មវិធីមង្គការ ជប់លៀង និងកម្មវិធីជួបជុំផ្សេងៗ។
ទោះបីជាយ៉ាងណាក្នុងនោះ លិខិតនេះបានបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានប្រតិសកម្ម ជាមួយលិខិតអនុញ្ញាតរបស់រដ្ឋបាលក្រុង-ស្រុក-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយ ភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឲ្យលើសពី ៥នាក់ ក្នុងមួយតុ។
សូមបញ្ជាក់ថា បុរសម្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកងបានយក សំណាកទៅរកមេរោគកូវីដ១៩ លើកទី១ ហើយលទ្ធផលបង្ហាញថា បុរសរូបនេះបានឆ្លងជំងឺកូវីដ១៩ ក្រោយការបង្ហាញលទ្ធផល ក្រុមគ្រូពេទ្យបានជិះរថយន្ត សង្រ្គោះក្រសួងសុខាភិបាលទៅយកដល់ផ្ទះ តែមិនបានជួបឡើយ ដោយអ្នកនៅក្នុងផ្ទះប្រាប់ថា បុរសខាងលើបានចេញទៅ ចូលរួមពិធីមង្គលការគេនៅឯស្រុកឈូក ខេត្តកំពតបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃ១៤ មីនា ៕


