Covid-19

ក្រសួងសុខាភិបាល ព្រមានបង្ហាញអត្តសញ្ញាណ ជាសាធារណៈចំពោះបុគ្គលណាមានជំងឺកូវីដ១៩ លាក់បាំងព័ត៌មាន

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងព្រមានទុកថាក្រសួងនឹងបង្ហាញជាសាធារណៈនូវអត្តសញ្ញាបុគ្គលណាដែលខ្លួនមានជំងឺកូវីដ-១៩ហើយ លាក់ព័ត៌មានរបស់ខ្លួន ។

ក្នុងសន្និសីទសារព័ត៌មានដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «យើងកំពុងតែពិភាក្សាគ្នា ប៉ុន្ដែអ្វីដែលសំខាន់ បើមិនចង់ឲ្យក្រសួងបបង្ហាញនូវអត្តសញ្ញាណ សូមឲ្យបងប្អូនទាំងអស់មានស្មោះត្រង់ នៅពេលក្រុមគ្រូពេទ្យសួរនាំបងប្អូន សូមបង្ហាញមកកុំលាក់ ព្រោះកន្លងមក មានបុគ្គលមួយចំនួនគាត់លាក់ គាត់មិនហ៊ាននិយាយ គាត់ទៅកន្លែងនេះ ទៅកន្លែងនោះ ជួបអ្នកនេះ ជួបអ្នកនោះ គាត់អត់ហ៊ានប្រាប់ទេ»។

តើមានមូលហេតុអ្វីបានជាពួកគាត់លាក់ព័ត៌មានបែបនេះ? នេះជាសំណួររបស់លោកស្រីវេជ្ជបណ្ឌិត។ លោកស្រី ដូច្នេះពលរដ្ឋមិនព្រមសហការជាមួយក្រសួងក្នុងការផ្ដល់ព័ត៌មានឲ្យបានពេញលេញ សម្រាប់ការងារស្រាវជ្រាវ ក្រសួងគ្មានជម្រើសណាក្រៅបង្ហាញអត្តសញ្ញាណឡើយ។

លោកស្រីក៏បានបញ្ជាក់ថា ការបង្ហាញអត្តសញ្ញាណធ្វើឡើងសម្រាប់តែបុគ្គលណាលាក់ព័ត៌មាន និងមិនសហការជាមួយក្រសួងសុខាភិបាលប៉ុណ្ណោះ។ ការធ្វើបែបនេះដើម្បីផលប្រយោជន៍សង្គមជាតិ៕

To Top