ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន​ ណែនាំឱ្យបិទច្រកទ្វារព្រំដែនមិនឲ្យពលរដ្ឋខ្មែរ​ ចេញ​ក្រៅប្រទេស​ និងត្រៀមទទួលពលរដ្ឋត្រឡប់មកវិញ

ភ្នំពេញ​ ៖​ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ បានធ្វេីការណែនាំកម្លាំងសមត្ថកិច្ចនៅតាមបណ្ដាខេត្តជាប់ព្រំដែនត្រូវ សហការជាមួយអាជ្ញាធរដេីម្បីបិទច្រកទ្វារមិនឲ្យប្រជាពលរដ្ឋខ្មែរចេញទៅក្រៅប្រទេស និងត្រៀមទទួលប្រជាពលរដ្ឋត្រលប់មកវិញ​ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កត្រឹមត្រូវ។ នេះបេីយោងតាមការចេញផ្សាយ​ អគ្គស្នងការនគរបាលជាតិ​។

ក្នុងកិច្ចប្រជុំជាមួយបណ្តាស្នងការនគរបាលរាជធានី-ខេត្ត​ តាមប្រព័ន្ធអេឡិចត្រូនិច ស្តីពីការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗ​ នៅថ្ងៃទី១៥ខែមីនា​ ឆ្នាំ២០២១​ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា​ «ចំពោះបណ្តាខេត្តជាប់ព្រំដែន ត្រូវសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន បិទច្រកទ្វារទប់ស្កាត់មិនឲ្យពលរដ្ឋខ្មែរចេញទៅក្រៅប្រទេស និងត្រៀមទទួលប្រជាពលរដ្ឋដែលត្រលប់មកវិញ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល»។

នាយឧត្តមសេនីយ៍​ បន្ដថា​ ដោយឡែក ជនបរទេសដែលលួចជ្រៀតចូលដោយខុសច្បាប់គឺ ទី១-បើចូលតាមច្រកណា ត្រូវបញ្ជូនចេញតាមច្រកនោះ, ទី២-បើលួចចូលតាមរបៀងមកដល់ទឹកដីកម្ពុជា ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករួចត្រូវសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើបែបបទបញ្ជូនចេញពីប្រទេសវិញតាមនីតិវិធី និងទី៣-ត្រូវបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនរកមេខ្យល់ មេក្លោង និងបណ្តាញពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ចំពោះខាងផ្ទៃក្នុងប្រទេសវិញ​ អគ្គស្នងការនគរបាលជាតិ​ ក៏បានលេីកឡេីងថា​ ទី១-បើមានជនសង្ស័យ ត្រូវឃុំគ្រង និងរាយការណ៍ សហការជាមួយសុខាភិបាល បញ្ជូនទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងស្រាវជ្រាវជាបន្ទាន់រកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល​ និងទី២-បើនៅតាមអង្គភាពមានសញ្ញាសង្ស័យ ត្រូវឃុំគ្រងគោលដៅ ឬអង្គភាពនោះ ដោយចាត់វិធានសុខាភិបាលឲ្យបានត្រឹមត្រូវ និងបញ្ជូនជនសង្ស័យទៅយកសំណាក ឬធ្វើចត្តាឡីស័ក ព្រមទាំងផ្តល់ដំណឹងដល់ក្រុមគ្រួសារ ដើម្បីកាត់ផ្តាច់ទំនាក់ទំនង៕

To Top