ព័ត៌មានជាតិ

សម្ដេចតេជោ តែងតាំងលោកស្រី ឱ វណ្ណឌីន ជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈ វ៉ាក់សាំង១.៥ លានដូស នឹងមកដល់កម្ពុជាឆាប់ៗនេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចតែងតាំង លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួ ងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច លើការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ខណៈកម្ពុជានឹងទទួលវ៉ាក់សាំងកូវីដ-១៩ ជាង១.៥លានដូស បន្ថែមទៀត នាពេលខាងមុខនេះ។

តាមរយៈសារសំឡេង នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះមានភាពល្អប្រសើរ។ សម្ដេចថា ដើម្បីឲ្យការងារចាក់ វ៉ាក់សាំងឈានការល្អប្រសើរជាងនេះទៅទៀត សម្ដេចស្នើឲ្យមានការរៀបចំគណៈកម្មការចំពោះកិច្ច មួយ ដើម្បីទទួលបន្ទុករ៉ាបរងការចាក់វ៉ាក់សាំង។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមចង្អុលការ សូមតែតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រងដឹកនាំការវ៉ាក់សាំង នៅក្របខណ្ឌទូទាំងប្រទេសដែលរៀបចំផែន ការមេដែលបន្ដពីជំហានដែលយើងកំពុងធ្វើសព្វថ្ងៃនេះ។ នាពេលខាងមុខនេះ វ៉ាក់សាំងអាចនឹងមកដល់ជាបន្ដបន្ទាប់ តែចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូចដែលខ្ញុំឲ្យប្រជុំកាលពីម្សិលមិញទៅលើគោលដៅមួយចំនួនដែលយើងត្រូវផ្ដល់ ។ដូច្នេះខ្ញុំសូម ឲ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ឱ វណ្ណឌីន ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្ដ្រី ឬស្នើសុំមកដល់ខ្ញុំ សូមតែងតាំងអ្នកណាផ្សេងទៀតទាំងក្នុង ក្រសួងសុខាភិបាល ទាំងនៅក្រសួងពាក់ព័ន្ធ»។

សម្ដេចតេជោ ក៏បានស្នើឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ត្រូវប្រជុំជាបន្ទាន់ជាមួយលោកស្រី ឱ វណ្ណឌីន តើត្រូវការអ្នកណាផ្សេងទៀត? ដើម្បីចូលរួមក្នុងគណៈកម្មការចំពោះកិច្ច ជាពិសេស នោះ គណៈកម្មាធិការចំពោះកិច្ច ត្រូវមានទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យកំណត់មុខសញ្ញាត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូចជា គ្រូបង្រៀន ដែលត្រូវចាក់ដំបូងសម្រាប់គ្រូនៅភ្នំពេញ កណ្តាល ព្រះសីហនុ កោះកុង និងព្រៃវែង។ ជាមួយគ្នានេះ សម្តេច ក៏បានណែនាំឲ្យគិតគូររៀបចំផែនការចាក់សម្រាប់អ្នកលក់ដូរនៅតាមផ្សារ ដូចជា មុខសញ្ញាសំខាន់ៗដទៃទៀត ជាពិសេស ក្នុងក្របខណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន កម្មករ កម្មារិនី ផងដែរ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងគម្រោង វ៉ាក់សាំងអាចនឹងមកដល់ ១.៥លានដូស ហើយនឹងអាច លើសពីនេះ បន្ថែមទៀតនោះ ក៏ត្រូវរៀបចំផែនការ ឲ្យបានច្បាស់ ទៅតាមទិសណា ហើយកម្លាំងពេទ្យដែលត្រូវចាក់ត្រូវបណ្ដោះបណ្ដាលយ៉ាងណា? ទីកន្លែងរបៀបណា ត្រូវរៀបចំផែនការមេឲ្យជាក់លាក់ ដើម្បីដំណើរការឲ្យបានល្អ»។

សម្តេចតេជោ ក៏មានសង្ឃឹមថា លោក ម៉ម ប៊ុនហេង លោកស្រី ឱ វណ្ណឌីន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នឹងធ្វើការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងអស់គ្នា៕

To Top