ភ្នំពេញ ៖ ក្រោយមានការឆ្លងរីករាល ជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្ដាល កាន់តែធ្ងន់ធ្ងរនោះ រដ្ឋបាលស្រុកកោះធំ បានស្នើឲ្យម្ចាស់អាជីវកម្ម គ្រប់ប្រភេទផ្អាកអាជីវកម្មរបស់ខ្លួន ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះ តទៅ រហូតដល់មានការជូនដំណឹង ជាថ្មី ដើម្បីទប់ស្កាត់ការចម្លង ក្នុងសហគមន៍ទ្រង់ទ្រាយធំ ។
ការស្នើនេះធ្វើឡើងបន្ទាប់ពី មួយរយៈចុងក្រោយនេះនៅស្រុកកោះធំ ខេត្តកណ្ដាល មានអ្នកឆ្លងជំងឺកូវីដ១៩ជាច្រើន ជាក់ស្ដែងនៅថ្ងៃទី១៥ មីនា នៅស្រុកនេះមានអ្នកឆ្លង រហូតដល់ ៦៤នាក់ ដែលជាតួលេខខ្ពស់ជាងគេ បើប្រៀបធៀបជាមួយខេត្តដទៃទៀត ។ ដោយឡែកនៅថ្ងៃទី១៦ មីនាវិញនៅស្រុកនេះក៏មានអ្នកឆ្លង ២២នាក់ផងដែរ ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលស្រុកកោះធំ កាលពីថ្ងៃទី១៦ មីនាបានឲ្យដឹងថា «ដោយសារបច្ចុប្បន្នស្ថានភាពនៃការចម្លង និងរីករាល ដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការចម្លងជំងឺ កូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ រដ្ឋបាលស្រុក ស្នើឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទផ្អាកដំណើរការអាជីវកម្ម របស់ខ្លួន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងជាថ្មី»។
ជាមួយគ្នានេះ អាជ្ញាធរស្រុក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមេត្តា យកចិត្តទុកដាក់អនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៣កុំ ៣ការពារ ក្នុងការចូលរួមទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៧ មីនានេះ នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១៥០៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៨៤០នាក់ អ្នកកំពុងព្យាបាល ៦៦២នាក់ និងមានអ្នកស្លាប់ម្នាក់ ៕