ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានចុះនាំខ្លួនបុរសម្នាក់ចង់គេចវេះ មិនព្រមផ្តល់សំណាកឲ្យគ្រូពេទ្យ យកធ្វើតេស្តរកមេរោគកូវីដ១៩ ខណៈរូបគេ បានជាប់ពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកជំងឺកូវីដ១៩ ពោលគឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន។ នេះបើយោងតាមផេក របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ការចុះអន្តរាគមន៍នេះ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារ ប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ និងក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
ទីបំផុតក៏បាននាំខ្លួន បុរសចង់គេចវេះម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចាក់អង្រែក្រោមបានដោយជោគជ័យ ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									