ព័ត៌មានជាតិ

ក្រុមមន្រ្តីជំនាញ នៃប.ស.ស. ប្រជុំពិភាក្សាអនុម័តសម្រេចលើ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ

ភ្នំពេញ ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសនៃររបបបេឡាសន្តិសុខសង្គម (ប.ស.ស.) ចំនួនពីរលើករួចមកហើយនោះ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បើកកិច្ចប្រជុំលើកទី៦ អាណត្តិទី១ ក្នុងការពិភាក្សាត្រួតពិនិត្យ អនុម័តសម្រេច លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ (Video Conference) ក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម ។

លោក អ៊ិត សំហេង បានស្នើសមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. និងដើម្បីកំណត់អំពីការបាត់បង់សមត្ថភាពការងារ ស្ថានភាពទុព្វលភាពរបស់សមាជិក ប.ស.ស. ឲ្យមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ និងមានលក្ខណៈល្អប្រសើរឡើង ធ្វើយ៉ាងណាឲ្យការអនុវត្តនេះ ស្របតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ។

បើយោងតាមមាត្រា៤៧ នៃច្បាប់ ស្តីពីរបបសន្តិសុខសង្គម បានចែងថា ក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. មានតួនាទីត្រួតពិនិត្យតាមដាន ការអនុវត្តកិច្ចព្រមព្រៀងរបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ហើយការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. នេះ គឺត្រូវកំណត់ដោយអនុក្រឹត្យ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប.ស.ស. រហូតមកដល់ពេលនេះបើទោះបីស្ថិតក្នុងស្ថានភាពដ៍លំបាកយ៉ាងណាក្ដី បេឡាជាតិសន្តិសុខសង្គមនៅតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបម្រើអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់សមាជិករបស់ខ្លួន ជារៀងរាល់ថ្ងៃប្រកបដោយស្មារតីទទួលខុសត្រូវ និងតាមវិធានរបស់ក្រសួងសុខាភិបាល ក្នុងន័យរួមចំណែកទប់ស្កាត់នៃជំងឺកូវីដ-១៩ ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃកម្ពុជា ៕

To Top