ភ្នំពេញ ៖ កិច្ចប្រជុំបណ្ដាអគ្គមេបញ្ជាការ កងទ័ពអាស៊ាន លើកទី១៨ ( ACDFM-18 ) បានអនុម័ត សេចក្តីថ្លែងការណ៍រួមមួយ ប្រគល់ទង់ ACDFM ដល់កម្ពុជា ធ្វើជាប្រធានបន្ដវេន របស់អគ្គមេបញ្ជាការ កងទ័ពអាស៊ានលើកទី១៩ ឆ្នាំ២០២២ ។ នេះបើយោងតាមអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ។
ថ្លែងក្នុងពិធីទទួលធ្វើជាម្ចាស់ផ្ទះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែង នូវសេចក្តីសោមនស្សរីករាយ ដែលកងយោធពលខេមរភូមិន្ទ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ACDFM លើកទី១៩ ដោយនាយឧត្តមសេនីយ៍ បានមានជំនឿយ៉ាងមុតមាំថា ប្រទេស ជាសមាជិកអាស៊ាន ពិសេសកងទ័ពអាស៊ាន នឹងបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរក្សាឲ្យបាននូវ សុខសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ ក្រោមស្មារតីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ ក៍ដូចជាពួតដៃគ្នាដដោះស្រាយបញ្ហា រួមក្នុងតំបន់។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា បច្ចុប្បន្នបើ ទោះបីការខិតខំប្រឹងប្រែង ផលិតវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ របស់ប្រទេសមួយចំនួន ត្រូវបានចាត់ទុកថា ទទួលបានប្រសិទ្ធភាពខ្ពស់ក្តី តែពិភពលោកទាំងមូល មិនទាន់អាចទប់ទល់ នឹងការរាតត្បាតជំងឺនេះ បានជោគជ័យនៅឡើយទេ។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកទឹកចិត្តឲ្យប្រទេស ក្នុងអាស៊ាន បន្តកិច្ចខិតខំប្រឹង ប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហា ជំងឺរាតត្បាតនេះ ដោយលើកកម្ពស់ ការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋ ផ្អែកលើកាតព្វកិច្ចមនុស្សធម៌ និង សន្តិសុខមនុស្សជាតិ ។ ជាងនេះទៅទៀត ការចែកចាយ និងប្រើវ៉ាក់សាំង ត្រូវធ្វើឡើងក្រោមស្មារតីសមធម៌ និងគ្មានការរើសអើង ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តបញ្ជាក់ថា កងយោធពល ខេមរភូមិន្ទ បន្តប្តេជ្ញាយ៉ាងមុតមាំ ក្នុងការចូលរួមចំណែកលើគ្រប់កិច្ច សហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌអាស៊ាន និងជាមួយដៃគូសន្ទនាអាស៊ាន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការរៀបចំខ្លួន ដើម្បីដោះស្រាយបញ្ហា ការគំរាមកំហែងសន្តិសុខ មនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ក៏ដូចជាការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន បទល្មើសព័ត៌មានវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ៕