ព័ត៌មានជាតិ

នៅថ្ងៃទី១៨ ខែមីនា ប្រទេសថៃ មានអ្នកស្លាប់ម្នាក់បន្ថែមទៀតដោយសារវីរុសកូវីដ១៩ និងបានរកឃើញអ្នកឆ្លងថ្មីវីរុសនេះចំនួន ៩២ នាក់

បរទេស៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ប្រទេសថៃ មានអ្នកស្លាប់ម្នាក់បន្ថែមទៀតដោយសារវីរុសកូវីដ១៩ និងបានរកឃើញអ្នកឆ្លងថ្មីវីរុសនេះចំនួន ៩២ នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មានចំនួន ៧៨នាក់ និងករណីនាំចូលចំនួន ១៤ នាក់ ដែលនាំឱ្យមានអ្នកស្លាប់ក្នុងប្រទេសនេះសរុបកើនដល់ ៨៩ នាក់និងមានអ្នកឆ្លងសរុបកើនឡើងដល់ ២៧ ៤៩៤ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ ដែលបានប្រកាសថា បុរសអាយុ ៥៥ ឆ្នាំម្នាក់ ដែលឈឺដេកតែលើគ្រែនៅខេត្តសាមុតសាខន បានស្លាប់។ គាត់មានជំងឺមហារីកដំណាក់កាលទីបួន។

នៅថ្ងៃទី ៨ ខែមីនាគាត់ត្រូវបានគេនាំទៅមន្ទីរពេទ្យឯកជនដើម្បីតាមដានជំងឺមហារីកសួត។ នៅថ្ងៃទី ១៥ ខែមីនាគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយដោយមានគ្រុនក្តៅខ្លាំងនិងអស់កម្លាំង។ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅ ៗ ហើយគាត់បានស្លាប់នៅថ្ងៃនោះ។ ការធ្វើតេស្តរកឃើញថាគាត់បានឆ្លងវីរុសកូរ៉ូណា។

សូមជម្រាបថា បើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ ប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន ២៧.៤៩៤ នាក់ ក្នុងនោះបានព្យាបាលឱ្យជាសះស្បើយចំនួន ២៦ ៣៧៧ នាក់ (៩៥,៩%) ហើយអ្នកជំងឺចំនួន ៣៨ នាក់ បានជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធ , អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១ ០២៨ នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ៨៩ នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top