ព័ត៌មានជាតិ

សត្វក្ដាន់ ជាសត្វជិតផុតពូជ គឺដោយសារការប្រមាញ់ ដាក់អន្ទាក់ និងបាត់បង់ទីជម្រក

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វក្ដាន់ ជាប្រភេទសត្វជិតផុតពូជ ព្រោះមានកត្តាគម្រាម កំហែងច្រើនយ៉ាងដូចជា ការប្រមាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក ជាដើម ។

តាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹង ថា សត្វក្ដាន់ ជាប្រភេទសត្វ ដែលត្រូវបានចាត់ថ្នាក់ជាប្រភេទ សត្វទទួលរងគ្រោះថ្នាក់ ជិតផុតពូជ ក្នុងបញ្ជីក្រហម របស់ IUCN។ សត្វក្ដាន់ ត្រូវធ្លាប់បានគិតថា ផុតពូជពីប្រទេសកម្ពុជា ទៅហើយ រហូតដល់ឆ្នាំ២០០៦ វាត្រូវបានរកឃើញជាថ្មី ក្នុងខេត្តក្រចេះ។

ក្រសួងបញ្ជាក់ថា «កត្តាគម្រាមកំហែងចម្បងៗ ចំពោះសត្វក្ដាន់ រួមមាន ៖ ការប្រមាញ់ ការដាក់អន្ទាក់ និងការបាត់បងទីជម្រក។ យ៉ាងណាក៏ដោយ សត្វក្តាន់ និងសត្វព្រៃសំខាន់ៗផ្សេងទៀត ជាកត្តាទាក់ទាញទេសចរជាតិ និងអន្តរជាតិ»។

ជាងនេះទៅទៀត ក្រសួងបរិស្ថាន ក៏បានលើកឡើងថា ក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២១នេះ ប្រជាជនកម្ពុជាត្រូវផ្ដល់ក្ដីស្រឡាញ់ ដោយចូលរួមផ្សព្វផ្សាយ និងការពារសត្វក្តាន់ និងសត្វកម្រផ្សេងទៀត នៅកម្ពុជា ព្រមទាំងទីជម្រករបស់ពួកវា ដើម្បីរួមចំណែកលើកស្ទួយ វិស័យទេសចរណ៍បៃតង ប្រកបដោយនិរន្តរភាពនៅកម្ពុជា ៕

To Top