ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ពិតជាមានការសោកស្តាយ ចំពោះការ បាត់បង់សត្វទន្សោង១ក្បាល និងសត្វត្រយងយក្ស២ក្បាល ដែលក្រុមជនខិលខូចសម្លាប់ នៅក្នុងសប្តាហ៍នេះ។ ហេតុការណ៍ដ៏អាក្រក់ទាំងពីរ កើតឡើងក្នុងពេលតែមួយ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបស្ថិត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
តាមរយៈបណ្ដាញ ទំនាក់ទំនងហ្វេសប៊ុករបស់ WCS កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១បានឱ្យដឹង ថា «សាកសពសត្វទន្សោង នោះ ត្រូវបានសហគមន៍ប្រទះឃើញ ក្នុងកំឡុងពេលពួកគាត់ដើរល្បាតព្រៃ កាលពីថ្ងៃទី១៧ មីនា នៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ក្នុងភូមិសាស្ត្រ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដោយជនខិលខូច បានពន្លះយកសាច់ អស់ បន្សល់ទុកតែគ្រោងឆ្អឹង ស្បែក និងជើង ហើយទំនងជាបម្រុងដុតកម្ទេចចោល ដើម្បីបំបាត់ភស្តុតាង»។
ចំណែកឯ សាកសពសត្វត្រយងយក្សទាំង២ក្បាល ត្រូវបានសហគមន៍ប្រទះឃើញស្លាប់ នៅលើដើមឈើ ដោយជើងជាប់ខ្សែអន្ទាក់ នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប។ សត្វត្រយងយក្សទាំងពីរក្បាលនោះ ទំនងជាជាប់អន្ទាក់ព្រាននៅមាត់បឹងក្បែរនោះ ហើយខំប្រឹងហើរបង្រះដាច់ខ្សែអន្ទាក់ ហើយទៅទាក់ជាប់នឹងមែកឈើ ហើរទៅទៀតមិនរួច។
សត្វត្រយងយក្ស មានឈ្មោះវិទ្យាសាស្ត្រថា Thaumatibis gigantea គឺជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ សត្វនេះត្រូវបានចាត់ថ្នាក់ ជាប្រភេទជិតផុតពូជបំផុត នៅលើពិភពលោក និងជាប្រភេទសត្វ ត្រូវការពារនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាក្នុងរយៈពេលកន្លងមក សត្វនេះមានវត្តមានច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏ប៉ុន្តែបច្ចុប្បន្នសត្វនេះ មានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយត្រូវបានគេគិតថា ចំនួនរបស់វានៅសល់តិចជាង ៣០០ក្បាល។
សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើន ក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់យកសាច់និងស្នែង។ យោងតាមទិន្នន័យរបស់អង្គការ IUCN ចំនួនសត្វទន្សោង ត្រូវបានគេប៉ាន់ស្មានថា នៅសល់ប្រមាណ ៤០០០ក្បាល នៅលើពិភពលោក។ សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ទំនងជាមានតិចជាង ១.៥០០ក្បាល។
ក្រសួងបរិស្ថាន និងអង្គការ WCS ធ្វើអំពាវនាវដល់សាធារណជនទូទៅ មេត្តាចូលរួមការពារ និងអភិរក្សប្រភេទសត្វព្រៃកម្រទាំងនេះ ឱ្យបានឋិតថេរគង់វង្ស ដើម្បីមនុស្សជំនាន់ក្រោយ។ ជាពិសេស សូមជនខិលខូចទាំងឡាយ បញ្ឈប់សកម្មភាពបរបាញ់ និងដាក់អន្ទាក់សត្វព្រៃនេះជាបន្ទាន់ ព្រោះវាជាអំពើល្មើសច្បាប់។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងស្នើសុំដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ជួយបន្តអប់រំ ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃ ជាពិសេសប្រភេទសត្វកម្រឱ្យបានគង់វង្ស៕