ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ ប្រចាំសប្ដាហ៍

ព្រះមេគណខេត្តសៀមរាប ស្នើរាជរដ្ឋាភិបាល ថ្កោលទោស ចំពោះបុគ្គល ផែង វណ្ណៈ ដែលប្រមាថ សមាជិកថេរភាសង្ឃខេត្ត និងមន្ដ្រីរដ្ឋបាល

ភ្នំពេញ ៖ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិ ច្ចការវត្តអារាម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោស ចំពោះបុគ្គល ផែង វណ្ណៈ ដែលប្រមាថសមាជិក ថេរភាសង្ឃខេត្ត និងមន្ដ្រីរដ្ឋបាលខេត្តសៀមរាប។

ក្នុងលិខិតរបស់ សាលាគណខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ មីនា នៅវត្តរាជបូណ៌ មានករណីថតជាវីដេអូ នូវសកម្មភាពប្រៀនប្រដៅសិស្សគណ របស់ព្រះមហាវិមលធម្ម ដោយរំពាត់ផ្តៅ បានធ្វើឱ្យព័ត៌មាននេះដឹង ដល់សាធារណជន ធ្វើឱ្យបញ្ហានេះ ត្រូវបានមន្ត្រីអាជ្ញាធរខេត្ត និងសាលាគណខេត្តសៀមរាប ស្រាវជ្រាវ ពិនិត្យទៅលើផ្លូវច្បាប់ និងទៅតាមធម៌វិន័យ របស់ព្រះពុទ្ធជាម្ចាស់ អាជ្ញាធរខេត្ត បានធ្វើការស្រាវជ្រាវសាកសួ រនូវហេតុការណ៍ផ្សេងៗ បានកំណត់នូវទង្វើរបស់ព្រះមហាវិមលធម្ម គឺមានគោលបំណងសុចរិត ធ្វើឡើងដោយគ្រាន់ តែជាការប្រៀនប្រដៅទៅតាមបទបញ្ញត្តិ នៃបទបញ្ជាផ្ទៃក្នុងវត្តតែប៉ុណ្ណោះ ។

ចំណែកខាងសាលាគណខេត្ត បាននិមន្តបើកកិច្ចប្រជុំថេរសភាសង្ឃខេត្ត ហើយសម្រេចលើកទោស តាមវិន័យត្រូវអាបត្តិ (បាចិត្តិយ) ចំពោះព្រះមហាវិមលធម្ម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ និងបានសម្រេចសូមឱ្យព្រះគ្រូចៅអធិការវត្ត ធ្វើកិច្ចសន្យាបញ្ចប់រឿង។

សាលាគណខេត្តសៀមរាប បានបញ្ជាក់ថា «ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយបំផុតគឺបុគ្គលឈ្មោះ ផែង វណ្ណៈ បាន Live តាមផេករបស់ខ្លួន បានលើកឡើងថា ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង ចំពោះអ្នក ប្រព្រឹត្ត និងចោទបន្ថែម នូវពាក្យមិនពិតដោយពោលថា លោកជាជនរងគ្រោះ រត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាបមិន ហ៊ានចូលផ្ទះទៀតផង និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង»។

ប្រភពដដែល បន្ដថា «មិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះ មានការជេរប្រមាថ មើលងាយដល់មន្ត្រីរាជការ អាជ្ញាធរ ខេត្តសៀមរាបយ៉ាងធ្ងន់ធ្ងរថែមទៀតផង ដោយពោលពាក្យថា ចង់យកព្នៅវាយក្បាលម្នាក់បីផ្ដៅទៀតផង»។

សាលាគណខេត្តសៀមរាប ក៏បានលើកឡើងថា ដោយឃើញទង្វើអសីលធម៌ របស់បុគ្គល ផែង វណ្ណៈ បែបនេះ ព្រះមេគណតំណាងឲ្យព្រះសង្ឃ ទូទាំងខេត្តសៀមរាប សូមព្រះរាជានុញ្ញាតទ្រង់ព្រះមេត្តាប្រោសជួយ ស្នើសុំទៅរាជរដ្ឋាភិបាល មានចំណាត់ការថ្កោលទោស ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ តាមច្បាប់ ឱ្យសមនឹងទង្វើ ដែលជននេះបានប្រព្រឹត្ត ៕

សម្តេចតេជោ លើកជាសំណួរថា ហេតុអ្វី ដួង ឆាយ សាហាវឃោឃៅ ដល់កម្រិតនេះ?

ភ្នំពេញ ៖ ក្រោយអតីតភរិយា ឧកញ៉ា ដួង ឆាយ គឺអ្នកស្រី ដេត ម៉ាលីណាបង្ហាញវិដេអូពីសកម្មភាពអតីតប្តីខ្លួនវាយធ្វើបាបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានបញ្ចេញជាមតិតាមរយៈខមិននៅខាងក្រោមនោះថា “ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ?”។

តាមរយៈការឡាយរបស់អតីតប្រពន្ធជាង១ម៉ោង នារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១អតីតប្រពន្ធបានបង្ហាញវិដេអូដែលដួងឆាយវាយធ្វើបាបកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃបន្តបន្ទាប់ទៀត។ក្នុងនោះបានបង្ហាញពីការវាយប្រពន្ធយ៉ាងដំណំទោះបីជាមានការហាមឃាត់ពីឪពុក-ម្តាយនិងអ្នកនៅជាមួយក៏ដោយ ក៏ដួងឆាយនៅតែរឹងទទឹងមិនស្តាប់ឡើយ គឺនៅតែបន្តវាយ ហើយនិងលឺសំឡេងកូនយំស្រែក។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០នេះ រឿងរ៉ាវរបស់ប្តីប្រពន្ធដួងឆាយបានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដោយអតីតប្រពន្ធបានប្រកាសលះលែងជាមួយ ដួង ឆាយ។ ក្រោយប្រកាសលះលែងហើយ បើតាមការបង្ហាញរបស់ដួងឆាយគឺកូនទាំង៣ស្ថិតនៅក្រោមគ្រប់គ្រងរបស់ដួងឆាយ ៕

សម្ដេចតេជោ៖ បើមិនល្មើសច្បាប់កូវីដ-១៩ថ្មី គ្មានអ្នកណាផាកពិន័យទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅយុវជនម្នាក់វិញថា បើមិនល្មើសច្បាប់ស្ដីពី «វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» គ្មានអ្នកណាផាកពិន័យឡើយ ។ ក្នុងនោះសម្តេចក៏បានផ្ញើសារទៀតថា ត្រូវការពារក្រុមគ្រួសារកុំឲ្យឆ្លងជំងឺកូវីដ ។

សម្ដេចតេជោ ឆ្លើយតបបែបនេះ ក្រោយមានយុវជនម្នាក់បានចូលខំមិន ក្នុងហ្វេសប៊ុករបស់សម្ដេច កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្នុងពេលសម្តេចបង្ហោះខ្លឹមសារ អនុក្រឹត្យស្តីពី “វិធានការសុខភិបាលដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”។

សម្តេចក៏បានស្នើពលរដ្ឋគ្រប់រូប អនុវត្តតាមវិធានសុខាភិបាលឲ្យបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ ។

ក្រោយឃើញការបង្ហោះ របស់សម្តេចនាយករដ្ឋមន្រ្តីបែបនេះ យុវជននោះខំមិនថា «ការពិន័យនេះ ដូចជាធ្ងន់ធ្ងរពេកហើយសម្ដេច» ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសរសេរឆ្លើយតបវិញថា «កុំល្មើស គឺមិនមានអ្នកណាពិន័យទេ ហើយថែមការពារខ្លួនការពារ ក្រុមគ្រួសារកុំឲ្យឆ្លងកូវីដបានផង»។

សូមរំលឹកថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃ១១ មីនា ។ ច្បាប់នេះត្រូវបានឡើង ដើម្បីកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឹឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិត របស់ពលរដ្ឋសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរ មានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

តាមខ្លឹមសារសំខាន់ស្ដីពី ការពិន័យជាសាច់ប្រាក់ អំឡុងពេលកូវីដ-១៩ ត្រូវបិទជាសាធារណៈនោះ រួមមាន ៖ អត់ពាក់ម៉ាស ពិន័យ ២០០.០០០រៀល ទៅ១.០០០.០០០រៀល , រៀបចំការជួបជុំ ពិន័យ ១.០០០.០០០ ទៅ៥.០០០.០០០រៀល , មិនព្រមឲ្យសំណាក់ ពិន័យ ១.០០០.០០០រៀល ទៅ៥.០០០.០០០រៀល , គេចពីចត្តាឡីស័ក ពិន័យ ១.០០០.០០០រៀល ទៅ៥.០០០.០០០រៀល , អ្នកផ្ដើមគំនិតញុះញង់ ពិន័យ ១០.០០០.០០០រៀល ទៅ៥០.០០០.០០០រៀល , មិនព្រមនៅដាច់ដោយឡែកអំឡុងពេលព្យាបាល ពិន័យ២.០០០.០០០ ទៅ១០.០០០.០០០រៀល , ចាក់ចែងសាកសពស្មើសមាត្រាទី១៥ ពិន័យ ៥.០០០.០០០ រៀល ទៅ២០.០០០.០០០រៀល , គ្រឹះស្ថានសុខាភិបាលឯកជន មិនជូនដំណឹងទៅក្រសួងសុខាភិបាល ករណីមានអ្នកជំងឺកូវីដ-១៩ ពិន័យ ១០.០០០.០០០រៀល ទៅ៥០.០០០.០០០រៀល ៕

ប្រធានគណបក្ស យុវជនកម្ពុជា ស្នើស្ថាប័នច្បាប់ ចាត់វិធានការផ្លូវច្បាប់ លើបុគ្គល ផែង វណ្ណៈ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានស្នើដល់ស្ថាប័នច្បាប់ ចាត់វិធានការផ្លូវច្បាប់លើបុគ្គល ផែង វណ្ណៈដែលបានការប្រមាថ យ៉ាងធ្ងន់ធ្ងរ ចំពោះព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែ ។

សំណើចាត់វិធានការផ្លូវច្បាប់ ចំពោះ បុគ្គល ផែង វណ្ណៈ នេះ ត្រូវបានលោក ពេជ្រ ស្រស់ អះអាងថា ធ្វើឡើងដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅ អធិការវត្តរាជបូណ៌ ។

ពាក់ព័ន្ធករណីនេះ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិ ច្ចការវត្តអារាម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោស ចំពោះបុគ្គល ផែង វណ្ណៈ ដែលប្រមាថសមាជិក ថេរភាសង្ឃខេត្ត និងមន្ដ្រីរដ្ឋបាលខេត្តសៀមរាប ។

នៅថ្ងៃដដែលនេះដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី ១៨មីនាបានសម្រេចលុប អាជ្ញាបណ្ណ គេហទំព័រឈ្មោះ WWW.phengvennaknews.com របស់លោក ផែង វណ្ណៈ ដោយម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាទ ចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបសរដ្ឋ និង ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្ដល់ទុក នៅក្រសួព័ត៌មាន ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជកម្ពុជា បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ មីនានេះថា «ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះមហា ពិន សែម សូមសម្តេចសង្ឃ ព្រះមេត្តាស្នើស្ថាប័នច្បាប់ចាត់វិធានការផ្លូវច្បាប់ លើបុគ្គលនេះ ពីព្រោះច្បាប់មានចែងហើយ បើយោងតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ការគំរាមកំហែងថា នឹងសម្លាប់ ដែលធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាពឬវត្ថុអ្វីមួយត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ ពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ ពី១លានទៅ៤លានរៀល ហើយដោយឡែក
មាត្រា៥១៦ គឺចែងថា ការប្រមាថចំពោះ ព្រះសង្ឃ ដូនជី និងតាជី ត្រូវផ្តន្ទាទោស ដាក់ពន្ធនាការពី១ថ្ងៃ ទៅ ៦ខែ និងពិន័យ ជាប្រាក់ពី ១០០០ រៀល ទៅ ១ សែនរៀល ។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ៕

សម្តេចសាយ ឈុំ ទូលថ្វាយ ព្រះមហាក្សត្រ បញ្ចប់គោរមងារ របស់ឧកញ៉ា ដួង ឆាយ

ភ្នំពេញ ៖ សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រាបទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីស្នើសុំបញ្ចប់គោរមងារឧកញ៉ា ដួង ឆាយ ។ការទូលថ្វាយនេះក្រោយពីមាន សំណើពីសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ។នេះបើយោងតាមលិខិតរបស់សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជាទូលថ្វាយព្រះមហាក្សត្រនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ការស្នើសុំបញ្ចប់គោរមងារឧកញ៉ាដួង ឆាយនេះ ក្រោយពីសម្តេចតេជោបញ្ចេញសារតាមខមិននៅលើការឡាយរបស់អតីតភរិយាដួង ឆាយ ដែលបានបង្ហាញពីសកម្មភាពយ៉ាងច្រើនវាយទាត់ធាក់ទៅលើអតីតប្រពន្ធ កាលពីថ្ងៃ១៦មីនា ។

ខមិនដែលសម្តេចតេជោដាក់នៅខាងក្រោមនោះ មានន័យលើកជាសំណួរថា “ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ?”។ តាមរយៈការឡាយរបស់អតីតប្រពន្ធជាង១ម៉ោង នារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១អតីតប្រពន្ធបានបង្ហាញវិដេអូដែល ដួង ឆាយ វាយធ្វើបាបកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃបន្តបន្ទាប់ទៀត។ ក្នុងនោះបានបង្ហាញពីការវាយប្រពន្ធយ៉ាងដំណំ ទោះបីជាមានការហាមឃាត់ពីឪពុក-ម្តាយ និងអ្នកនៅជាមួយក៏ដោយ ក៏ដួង ឆាយ នៅតែរឹងទទឹងមិនស្តាប់ឡើយ គឺនៅតែបន្តវាយ ហើយនិងលឺសំឡេងកូនយំស្រែក។

កាលពីចុងឆ្នាំ២០២០នេះ រឿងរ៉ាវរបស់ប្តីប្រពន្ធដួងឆាយបានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដោយអតីតប្រពន្ធបានប្រកាសលះលែងជាមួយ ដួង ឆាយ។ ក្រោយប្រកាសលះលែងហើយ បើតាមការបង្ហាញរបស់ដួងឆាយគឺកូនទាំង៣ស្ថិតនៅក្រោមគ្រប់គ្រងរបស់ខ្លួន៕

មេសហជីពស្នើសុំ រាជរដ្ឋាភិបាល ផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ហ្វា សាលីប្រធានសម្ព័ន្ធសហជីពជាតិ (សសជ) តាមរយៈ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ឲ្យផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ និងបន្តការងារធម្មតាដើម្បី បញ្ចៀសពីការចម្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ នៅក្នុងប្រទេស។

សម្ព័ន្ធសហជីពជាតិសុំអន្ដរាគមន៍បែបនេះ ដោយសារស្ថានភាពជាក់ស្តែង នៃការរីករាលដាលវិបត្តិកូវីដ១៩ ជាពិសេសការចម្លងក្នុងសហគមន៍២០ កុម្ភៈ ថ្មីៗនេះ កម្ពុជាមានអ្នកឆ្លងកាន់តែច្រើនឡើងៗ ដែលមិនធ្លាប់មានជាមួយនឹង ពលរដ្ឋមួយចំនួនធំមិនបាន គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ជាហេតុបណ្តាលឲ្យមានការកើនឡើង នៃចំនួនអ្នកឆ្លង។ នេះបើយោងតាមលិខិតរបស់ សម្ព័ន្ធសហជីពជាតិផ្ញើជូនលោក អ៊ិត សំហេង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។

លិខិតបន្តថា «ដើម្បីជួយសម្រាលបន្ទុកដល់ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ និងជាកាតព្វរបស់ពលរដ្ឋ រួមគ្នាជួយទប់ស្កាត់ផងនោះ ខ្ញុំបាទអនុញ្ញាតសុំអន្តរាគមន៍ពីឯកឧត្តម រដ្ឋមន្ត្រី មេត្តាស្នើគោលការណ៍ពី ប្រមុខរាជរដ្ឋាភិបាលជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សុំឲ្យផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ និងបន្តការងារធម្មតា ដើម្បីបញ្ចៀសពីការចម្លង ទ្រង់ទ្រាយធំនៅក្នុងប្រទេស»។

សម្ព័ន្ធសហជីពជាតិលើកឡើងទៀតថា ជាទូទៅនៅពេលប្រារព្ធពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិម្តងៗ ជនរួមជាតិខ្មែរតែងតែប្រមូលផ្តុំគ្នា ជួបជុំគ្រួសារ មិត្តភ័ក្រ្ត ទៅវត្តអារាមនានាៗ លេងល្បែងប្រជាប្រិយ៍ ជាពិសេសយុវជន កម្មករ និយោជិត លេងម្សៅលាបមុខគ្នា លេងទឹកផ្ទះ ដាក់គ្នាដែលជាប្រភពនៃការចម្លងធ្ងន់ធ្ងរ ឬពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសហគមន៍ទៅសហគមន៍មួយផ្សេងទៀត ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំដោះស្រាយប្រើគ្រប់វិធាន ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីង១៩នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីជាងមួយខែមុនក្នុងពេលស្ងាត់ជំងឺកូវីដ១៩ បានប្រកាសថា បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ នឹងប្រារព្ធធ្វើ ក្រោយខានប្រារព្ធកាលពីឆ្នាំមុន ៕

គ្រូបង្រៀនម្នាក់ ជាប់ពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩ នៅតែបន្តចូលបង្រៀនសិស្ស

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិតស្តីបន្ទោសទៅលោក ប៉ៃ ផុនា ដែលជាគ្រូបង្រៀន កម្រិតឧត្តមមុខវិជ្ជាគីមី នៅវិទ្យាល័យអង្គតាសោម ខេត្តតាកែវ ក្រោយបានចូលរួមកម្មវិធី មានមនុស្សច្រើន ខណៈមានអ្នកជំងឺកូវីដ១៩ម្នាក់ បានចូលរួម បន្ទាប់មក ក៏បានមកបង្រៀនសិស្សនៅក្នុងថ្នាក់បន្ត ។

លោករដ្ឋមន្រ្តីបានស្តីបន្ទោស ដោយសារតែលោកគ្រូខាងលើ បានប្រព្រឹត្តកំហុសឆ្គង ក្នុងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយសាមីខ្លួន មានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ប៉ុន្តែមិនបានអនុវត្តវិធានការ ទប់ស្កាត់ការចម្លងបន្តទៅក្នុងសាលារៀន ។

សូមបញ្ជាក់ថា ខេត្តតាកែវបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃ១៥ មីនា ក្រោយ កក្កដា សោភ័ណ្ឌ ដែលជាអតីតសង្ឃ មានវិជ្ជមានកូវីដ១៩ បានទៅចូលរួមមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃ ១២មីនា ។ ក្រោយរកឃើញ បុគ្គលកក្កដា សោភ័ណ្ឌ មានផ្ទុកកូវីដ១៩ តំបន់នេះ ត្រូវបានចាត់ចូលជាទីធ្វើចត្តាឡីស័ក និងមានការបិទកន្លែងអាជីវកម្ម របស់ពលរដ្ឋផងដែរ ។ អ្នកប៉ះពាល់ខ្លាំងជាមួយ កក្កដា សុភ័ណ្ឌ មានចំនួន២៥នាក់ និងអ្នកប៉ះពាល់ ដោយប្រយោល៣៥៥ នាក់ ៕

ផ្ទុះឡើងវិញ! ថ្ងៃនេះមានឆ្លង​ជំងឺកូវីដ១៩ថ្មី ចំនួន១០៥នាក់ និងជាសះស្បើយ ចំនួន៨៨នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន បានអោយដឹងថា ៖ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកឆ្លង​ជំងឺកូវីដ១៩ថ្មី ចំនួន១០៥នាក់ និងជាសះស្បើយ ចំនួន៨៨នាក់ ក្នុងនោះមាន៖

  • អ្នកឆ្លងសរុប= ១៤៣០ នាក់
  • អ្នកជាសះស្បើយ= ៨១៨ នាក់ (+៨៨)
  • អ្នកកំពុងព្យាបាល= ៦០៩ នាក់
  • អ្នកស្លាប់= ០១ នាក់

សម្ដេចតេជោប្រកាសថា វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជា នាថ្ងៃ២៦ មីនា ចំនួន១,៥លានដូស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ វ៉ាក់សាំងស៊ីណូវ៉ាក់នឹងមកដល់កម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ចំនួន១,៥លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីមិត្តចិន។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយមកដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំង បានជាង៣០ម៉ឺននាក់។

សម្ដេចតេជោមានប្រសាសន៍ថា «ហើយនៅពេលខាងមុខនេះ បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា។ នេះបើយោងតាមការជូនដំណឹងពីភាគីមិត្តចិនដែលយើងបានទិញស៊ីណូវ៉ាក់ចំនួន១លាន ៥សែនដូស។

សម្ដេចតេជោបន្ដថា ក្រៅពីនោះកម្ពុជាក៏សល់ជំនួយពីមិត្តចិន សម្រាប់វ៉ាក់សាំង Sinopharm ចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថា នឹងបានទទួលមុនចូលឆ្នាំខ្មែរផងដែរ។ សម្តេច ស្នើឲ្យគណៈកម្មការចំពោះកិច្ច ដើម្បីការចាក់វ៉ាក់សាំង ត្រូវផ្តល់អាទិភាពសម្រាប់អ្នក ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅទីក្រុងភ្នំពេញ ដែលជាតំបន់រាតត្បាត សម្រាប់មនុស្សចាស់គឺងាយឆ្លង។

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើគណៈកម្មការ ចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវពិភាក្សាគ្នា អំពីការបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់មានអាយុ ចាប់ពី៦០ឆ្នាំឡើងទៅ នៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

សម្ដេចតេជោ បន្ដថា យុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca រយៈពេល១៥ថ្ងៃនេះ មិនមែនចាប់ផ្តើមនាថ្ងៃនេះទេ តែត្រូវចាប់ផ្តើមនៅពេលលោកស្រី ឱ វណ្ណឌីន និងលោក ឃួង ស្រេង ប្រកាសរៀបចំរួចរាល់ជាមុខសិន ព្រោះការចាក់វ៉ាក់សាំងនេះ ត្រូវរៀបចំឡើងក្នុងខណ្ឌនីមួយៗ។

ជាមួយគ្នានេះដែរ សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានរយៈពេល១ ខែហើយ គឺមិនទាន់ធូរស្រាលនៅឡើយទេ ទោះបីគ្រប់គ្រងសភាពការណ៍ នៅខេត្តព្រះសីហនុ បានល្អប្រសើរ ប៉ុន្ដែសម្រាប់រាជធានីភ្នំពេញ និងមួយផ្នែករបស់ខេត្តកណ្ដាល កំពុងញាំញីនៅឡើយ ក្នុងពេលខេត្តព្រៃវែង និងខេត្តកោះកុង កំពុងតែទប់ទល់។

សម្ដេចតេជោបន្ដថា រយៈពេល១ខែកន្លងទៅនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ មានជាង១ពា ន់នាក់។ សម្ដេចថា ជំងឺកូវីដ-១៩ កំពុងបន្ដរាលត្បាតនៅរាជធានីភ្នំពេញ និងផ្នែកខ្លះរបស់ខេត្តកណ្ដាល ដែលទាមទារឲ្យភាគីពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់ខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នៅកម្ពុជា៕

ក្រសួងបញ្ជាក់ ជាផ្លូវការថា ម្តាយរបស់តារាចម្រៀងវីឌី ណែត ពិតជាស្លាប់ ដោយសារជំងឺកូវីដ១៩ ប្រាកដមែន

បុរសជនជាតិខ្មែរម្នាក់ទៀត បានស្លាប់ដោយសារជំងឺ កូវីដ១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នាមុននេះបន្តិចបានប្រកាសជាផ្លូវការអំពីមាន បុរសជនជាតិខ្មែរអាយុ៤៦ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩។

សរុបមកដល់ថ្ងៃនេះ ពលរដ្ឋកម្ពុជា៣នាក់ ហើយបានស្លាប់ដោយសារកូវីដ១៩។ នាថ្ងៃនេះដែរ ក្រសួងក៏បានប្រកាសថា ម្តាយរបស់តារាចម្រៀងស្រីកញ្ញា វី ឌីណែតអាយុ៦២ឆ្នាំក៏ស្លាប់ដោយកូវីដដែរ។ កាលពីសប្តាហ៍មុនបុរសជនជាតិខ្មែរអ្នកបើកឡានឲ្យជនជាតិបានស្លាប់ ដោយកូវីដផងដែរ៕

To Top