ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានកោតសរសើរចំពោះក្មេងប្រុសម្នាក់ អាយុ៦ឆ្នាំ ឆ្លងជំងឺកូវីដ១៩ ពិតជាមានភាពក្លាហានណាស់ ហើយជានិមិត្តរូប នៃការតាំងចិត្ត និងសាមគ្គីភាពក្នុងសង្គមខ្មែរ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក នេត្រ ភក្ត្រា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ ថា«ស្ថានភាពដ៏គួរឱ្យសង្វេគជាទីបំផុត! កុមារាអាយុ ៦ ឆ្នាំរូបនេះ បានឆ្លងជំងឺកូវីដ១៩ ពីម្តាយ រៀបចំដំណើរឡើងរថយន្តសង្គ្រោះ របស់ក្រុមគ្រូពេទ្យដោយខ្លួនឯង! ជំងឺចម្លងពីវីរ៉ុសកូវីដ១៩ ពិតជាសាហាវព្រៃផ្សៃបំផុត សូម្បីតែសាច់ញាតិ អ្នកជិតខាង មនុស្សម្នា ចង់ជួយក៏មិនអាចធ្វើបានឡើយ បានត្រឹមឈរមើលសម្រក់ទឹកភ្នែក បានត្រឹមលើកដៃលាពីចម្ងាយ និងផ្តាំពាក្យជូនពរ និងសេចក្តីក្លាហាន»។
លោកបន្ដថា ក្រុមគ្រួសារចង់សួរសុខទុក្ខ និងបំពេញកតញ្ញូ ជូនអ្នកមានគុណជាអ្នកជំងឺ ក៏មិនអាចធ្វើបាន ត្រឹមគ្រូពេទ្យអ្នកមើលថែរ។ ពេលស្លាប់ក៏មិនបានជូនដំណើរចុងក្រោយឡើយ នេះគឺជាសោកនាដកម្មបង្កឡើង ដោយវីរុសកូវីដ១៩ និងមានផលវិបាកសង្គម និងសេដ្ឋកិច្ចច្រើនទៀត។
លោកបញ្ជាក់យ៉ាងដូច្នេះ «ក្មួយពិតជាក្លាហានណាស់ ហើយសេចក្តីក្លាហាន នេះគឺជានិមិត្តរូបនៃការតាំងចិត្ត និងសាមគ្គីភាពក្នុងសង្គមខ្មែរ ដើម្បីប្រឆាំងនឹងកូវីដ១៩! ពូសូមជូនពរក្មួយ និងម្តាយឆាប់ជាសះស្បើយពីជំងឺនេះ! ដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សូមបងប្អូនសូមអនុវត្តវិធានការ ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន!»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៦៣២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៩៣៥នាក់ ,អ្នកជំងឺកំពុងសម្រាកព្យាបាល ចំនួន៦៩២នាក់ និងស្លាប់ចំនួន ៣នាក់៕